(មណ្ឌលគិរី)៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចេញសេចក្ដីថ្លែងការណ៍មួយបង្ហាញអំពីនីតិវិធីតាមច្បាប់យ៉ាងម៉ឺងម៉ាត់ លើករណីបាញ់ប្រហារមួយដែលបង្កឡើងដោយឈ្មោះ រស់ ពុទ្ធា ហៅ ក្របី ដែលបានបាញ់រះលើស្ដ្រីម្នាក់ឈ្មោះ ចន សុវណ្ណណេត ត្រូវចំសួតបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ក្នុងសេចក្ដីថ្លែងការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី សូមធ្វើការបកស្រាយដូចខាងក្រោម៖

កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ឈ្មោះ រស់ ពុទ្ធា ហៅ ក្របី បានបើករថយន្តចំនួន១គ្រឿងចេញពីក្លឹប ដោយមានមនុស្សមួយចំនួនរួមដំណើរ។ លុះបើកចេញដល់ចំណុចភូមិអូរស្ពានសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ស្រាប់តែឈ្មោះ រស់ ពុទ្ធា ហៅ ក្របី បានយកកាំភ្លើងបាញ់តាមបង្អួចទ្វាររថយន្តចេញមកក្រៅចំនួន៣គ្រាប់ រួចងាកមកក្រោយសម្លឹងមើលឈ្មោះ ចន សុវណ្ណណេត ហើយទាញកាំភ្លើងបាញ់មកលើជនរងគ្រោះឈ្មោះ ចន សុវណ្ណណេត ចំនួន១គ្រាប់ត្រូវចំសួត (គ្រាប់បៀបជាប់ជាមួយសួត) រួចធ្វើការគេចខ្លួនបាត់។

បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានចុះទៅកន្លែងកើតហេតុ ដើម្បីកំណត់អត្តសញ្ញាណជនល្មើស ធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ ពិនិត្យស្លាកស្នាមលើជនរងគ្រោះ ព្រមទាំងធ្វើការសម្ភាសជាមួយជនរងគ្រោះជាបឋម រួចបញ្ចូនជនរងគ្រោះមកសម្រាកព្យាបាលនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។ នៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌នេះ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានធ្វើការស្វែងរកចាប់ខ្លួនជនល្មើសភ្លាមៗក្នុងបទល្មើសជាក់ស្តែង និងបានបន្តបានស្នើសុំចេញដីកាបញ្ជាឲ្យចូលខ្លួនលើឈ្មោះ រស់ ពុទ្ធា ហៅ ក្របី ដើម្បីធ្វើការនាំខ្លួនមកសាកសួរតាមនីតិវិធីច្បាប់ ហើយតំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានធ្វើការចេញដីកាបញ្ជាឲ្យចូលខ្លួនតាមការស្នើសុំ។

អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានទទួលពាក្យបណ្ដឹងផ្ទាល់ពីជនរងគ្រោះឈ្មោះ ចន សុវណ្ណណេត និងបានទទួលសំណុំរឿងពីស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្ត។ បន្ទាប់ពីអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានទទួលសំណុំរឿងព្រហ្មទណ្ឌខាងលើ តំណាងអយ្យការបានចេញដីកាបញ្ហាឲ្យចូលខ្លួនលើឈ្មោះ រស់ ពុទ្ធា ហៅ ក្របី ឲ្យកម្លាំងមានសមត្ថកិច្ចធ្វើការនាំខ្លួនបុគ្គលនេះ មកបង្ហាញខ្លួនចំពោះមុខតំណាងអយ្យការ។

តំណាងអយ្យការបានស្តាប់ចម្លើយជនរងគ្រោះ និងសាក្សីមួយចំនួន ព្រមទាំងកំពុងបន្ដធ្វើការស្ដាប់សាក្សីផ្សេងទៀត និងស្រាវជ្រាវរកបុគ្គលពាក់ព័ន្ធដែលប្រព្រឹត្តបទល្មើសជាអ្នកផ្ដើមគំនិតជាមួយឈ្មោះ រស់ ពុទ្ធា ហៅក្របី ក្នុងការប្រើប្រាស់ កាន់កាប់អាវុធដោយខុសច្បាប់ និងបាញ់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។

បច្ចុប្បន្ននេះតំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានធ្វើការយ៉ាងយកចិត្តទុកដាក់បំផុតជាមួយជនរងគ្រោះ និងធ្វើការយ៉ាងម៉ត់ចត់ជាមួយកម្លាំងមានសមត្ថកិច្ច រួមទាំងក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដែលជាមេធាវីការពារឲ្យដើមបណ្ដឹង ដើម្បីឈានដល់ការផ្ដល់យុត្តិធម៌តាមផ្លូវច្បាប់ជូនជនរងគ្រោះឲ្យឆាប់រហ័ស៕