(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្រ្តីជំនាញបច្ចេកទេសក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញទៅពិនិត្យមើលរថយន្តចល័តថ្មី របស់ទូរទស្សន៍ជាតិកម្ពុជា សម្រាប់ថតផ្សាយបន្តផ្ទាល់ ជាអំណោយរបស់រដ្ឋាភិបាលវៀតណាម ផ្តល់ដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈវិទ្យុសំលេងវៀតណាម ដោយមានសម្ពន្ធ័អេមីកូ ជាអ្នកអនុវត្តន៍ផ្ទាល់។

រថយន្តចល័តថ្មីទំនើបជាអំណោយរបស់រដ្ឋាភិបាលវៀតណាម ត្រូវបានយកមកដល់អគ្គនាយកដ្ឋានទូរទស្សន៍កម្ពុជា កាលពីចុងសប្តាហ៍កន្លងមកនេះ ដោយមានអ្នកជំនាញការបច្ចេកទេសវៀតណាម មកជាមួយផងដែរ ដើម្បីជួយបង្ហាត់បង្រៀនដល់អ្នកបច្ចេកទេសទូរទស្សន៍កម្ពុជា ជំហានដំបូងសិន ហើយនៅពេលខាងមុខទៀត នឹងពន្យល់បន្ថែមពីការប្រើប្រាស់ប្រពន្ធ័ថតផ្សាយនានានៅក្នុងរថយន្តនេះ ។

តាមការបញ្ជាក់របស់មន្រ្តីបច្ចេកទេស បានឲ្យដឹងថា រថយន្តចល័តថ្មីនេះ បានរៀបចំឡើងដោយបំពាក់នូវសំភារៈបច្ចេកវិទ្យាទំនើប ទាន់សម័យ ដែលអាចបំពាក់កាមេរ៉ាថតដល់ទៅចំនួន៨គ្រឿង ប្រភេទ 4K ថត និងទទួលរូបភាពច្បាស់ល្អ។

លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការអរគុណ ដល់រដ្ឋាភិបាលវៀតណាម តាមរយៈវិទ្យុសំលេងវៀតណាម ដែលបានផ្តល់ជូននូវរថយន្តចល័ត OB ថ្មី ទំនើបនេះ មកដល់ទូរទស្សន៍ជាតិកម្ពុជា ដើម្បីជាការរួមចំណែកដល់ដំណើរផ្សព្វផ្សាយរបស់ទូរទស្សន៍ជាតិ កាន់តែមានលក្ខណៈថ្មីទំនើប លឿនរហ័សបន្ថែមទៀត ។

សម្រាប់រថយន្តចល័តថ្មីនេះ គឺទុកសម្រាប់ថតផ្សាយផ្ទាល់ព្រឹត្តការណ៍ធំៗ សំខាន់របស់ជាតិ ដូច្នេះហើយ ក្រុមការងារបច្ចេកទេសរបស់ទូរទស្សន៍ ត្រូវប្រឹងប្រែងសិក្សាស្វែងយល់ពីរបៀបនៃការប្រើប្រាស់ ម៉ាស៊ីន និងសម្ភារបរិក្ខាបច្ចេកទេស ថ្មីទំនើបទាំងអស់នេះ ដើម្បីប្រើប្រាស់ឲ្យត្រូវតាមស្តង់ដា និងបានយូរអង្វែង។

គួររំលឹកដែរថា កាលពីកំឡុងខែខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមកនេះ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិការវិទ្យុ និងទូរទស្សន៍បាយ័ន បានផ្តល់ជូននូវរថយន្តចល័ត OB ថ្មី មួយគ្រឿងដល់ ទូរទស្សន៍ជាតិកម្ពុជា ទទក សម្រាប់ធ្វើការប្រើប្រាស់ថតផ្សាយបន្តផ្ទាល់នូវព្រឹត្តការណ៍សំខាន់ៗរបស់ជាតិ បានជាច្រើនលើកមកហើយ ពិសេសបានថតផ្សាយផ្ទាល់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ជាមួយនេះ ក៏បានថតការប្រកួតប្រភេទវិញ្ញាសារកីឡាមួយចំនួន ក្នុងព្រឹត្តការណ៍នៃការប្រគួតកីឡាស៊ីហ្គេម និងប៉ាហ្គេម ផងដែរ៕