(កណ្តាល)៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកមុខកំពូល លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ខេត្តកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកមុខកំពូល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃសភាពការណ៍ ពាក់កណ្តាលយុទ្ធនាការ ឃោសនាបោះឆ្នោត ក្នុងស្រុកមុខកំពូល និងដាក់ចេញនូវផែនការសកម្មភាពការងារ សម្រាប់អនុវត្តបន្ត រហូតដល់ថ្ងៃបោះឆ្នោត សំដៅដណ្តើមជ័យជំនះឱ្យខាងតែបាន ជូនគណបក្ស និងប្រជាជន នៅក្នុងការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីថែរក្សាសន្តិភាព, ស្ថេរភាព និងអភិវឌ្ឍ ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនជឿនលឿន។
អង្គប្រជុំបានធ្វើការត្រួតពិនិត្យ និងពិភាក្សាលើរបាយការណ៍ ស្តីពីសភាពការណ៍ និងលទ្ធផល នៃយុទ្ធនាការឃោសនា បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ តាមបណ្តាឃុំទាំង ៧ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។ ស្ថានភាពទូទៅ នៃដំណើរការឃោសនាបោះឆ្នោត ក្នុងស្រុកមុខកំពូល ក្នុងរយៈពេល ១០ថ្ងៃកន្លងមកនេះ, បានប្រព្រឹត្តទៅដោយរលូន, មានសន្តិសុខ, សុវត្ថិភាព, សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។
អង្គប្រជុំក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់, សកម្មជន និងយុវជនទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ពិសេសការ ផ្សព្វផ្សាយកម្មវិធីគោល នយោបាយ របស់គណបក្ស, ការចុះជួបសមាជិក តាមខ្នងផ្ទះ និងតាមមណ្ឌលសកម្មភាពបក្ស និងការពិនិត្យ ឯកសារបោះឆ្នោត ព្រមទាំងការបង្រៀន គូសសន្លឹកឆ្នោត ក៏ដូចជាកិច្ចចូលរួម ចំណែកទាំង ស្មារតី និងសម្ភារៈរបស់ មន្រ្តីគណបក្ស គ្រប់លំដាប់ ក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមផ្សេងៗ ដូចជាការឧបត្ថម្ភ ដល់បងប្អូន ប្រជាពលរដ្ឋ ដែលមានការខ្វះខាតផ្នែកជីវភាព និងជនចាស់ជរាគ្មានទីពឹងជាដើម។
ជារួម អង្គប្រជុំបានធ្វើការវាយតម្លៃថា គណបក្សប្រជាជនកម្ពុជា នៅតែនាំមុខ និងមានប្រៀបឈ្នះ ដោយសារគុណបំណាច់ និងស្នាដៃជាប្រវត្តិសាស្រ្ត ជាច្រើនរាប់មិនអស់ ដែលគណបក្សសម្រេចបាន ជូនប្រទេសជាតិ និងប្រជាជន ជាបន្តបន្ទាប់ ជាពិសេស ការស្រលាញ់ពេញចិត្ត និងការគាំទ្ររបស់ប្រជាជនដ៏ច្រើនលើសលប់ចំពោះសម្តេចតេជោ ហ៊ុន សែន និង លោកបណ្ឌិត ហ៊ុន ម៉ាណេត ជាបេក្ខភាពបន្តវេន នាពេលអនាគត។
លោក វង្សី វិស្សុត បានផ្តល់ការណែនាំដល់ក្រុមការងារ និងសកម្មជនគណបក្សត្រូវបន្តចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតឱ្យកាន់តែសកម្មផុលផុស និងមានប្រសិទ្ធភាព ខ្ពស់ ដើម្បីស្វែងរកសំឡេងគាំទ្រ ជូនគណបក្ស ឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន តែត្រូវគោរព ច្បាប់ បទបញ្ជា និងនីតិវិធី ព្រមទាំងសេចក្តីណែនាំរបស់ គ.ជ.ប ដើម្បីធ្វើឱ្យចលនការ និងបរិយាកាសទូទៅ នៃដំណើរការបោះឆ្នោត ក្នុងមូលដ្ឋានស្រុកមុខកំពូល ប្រព្រឹត្តិទៅដោយរលូន, មានសណ្តាប់ធ្នាប់ល្អ គ្មានអំពើហឹង្សា, គ្មានការគំរាមកំហែង និងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ទន្ទឹមនេះ ត្រូវបន្តសកម្មភាព ចុះជួបសមាជិក តាមខ្នងផ្ទះ, ការពិនិត្យឯកសារបោះឆ្នោត, ការធ្វើឯកសារ បញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការបោះឆ្នោត (IR) និងការង្រៀនគូសសន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវ តាមការកំណត់របស់ គ.ជ.ប ព្រមទាំងការចលនា សមាជិកគណបក្ស ទាំងអស់ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ពោលគឺ សំដៅធានាឱ្យបានថា សមាជិកម្នាក់ សម្លេងគាំទ្រមួយសន្លឹក។
ជាមួយគ្នានេះក៏ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ឱ្យខាងតែបាន ចំពោះក្រុមជនទុច្ចរិត ដែលបន្លំខ្លួនជាមនុស្សរបស់គណបក្សប្រជាជន ហើយទៅណែនាំប្រជាជន ឱ្យគូសសន្លឹកឆ្នោតខុស និងត្រូវត្រៀមលក្ខណៈ ទប់ស្កាត់គ្រប់រូបភាព នូវសកម្មភាព ទាំងឡាយណា ដែលមានបំណងចង់បំផ្លាញ ការបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោត។
លោក វង្សី វិស្សុត ក៏រំលឹកដល់មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ មិនត្រូវភ្លេចបម្រើប្រជាជន ពិសេសការផ្តល់សេវាសាធារណៈជូនប្រជាជន ទោះបីពេលនេះកំពុងជាប់ដៃ ជាមួយនឹងយុទ្ធនាការឃោសនាបោះឆ្នោតក៏ដោយ។ ទន្ទឹមនេះ ត្រូវបន្តក្តាប់សតិអារម្មណ៍ និងក្តីកង្វល់របស់ប្រជាជន នៅមូលដ្ឋាន ហើយខិតខំដោះស្រាយកង្វល់ និង ចំណុចខ្វះខាតទាំងនោះឱ្យចំបញ្ហា ដោយយុត្តិធម៌ ហើយត្រូវស្តាប់សំណូមពរ និងស្គាល់តម្រូវការ របស់ប្រជាជនជាក់ស្តែង នៅមូលដ្ឋាន រួចខិតខំដោះស្រាយ ជូនពួកគាត់ ដោយមិនត្រូវប្រងើយកន្តើយឡើយ ដូចជា ៖ បញ្ហាទឹកកង្វក់, លូដោះទឹក, សំរាម, ទឹកស្អាត និងការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជាដើម។
លោកបានបន្តណែនាំដល់មន្រ្តី គ្រប់លំដាប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាជីវភាពប្រជាជន ពិសេសការផ្តល់ជំនួយ ឧបត្ថម្ភផ្សេងៗ ដល់បងប្អូនដែលមានការខ្វះខាត ផ្នែកជីវភាព និងចាស់ជរាគ្មានទីពឹង ទន្ទឹមនឹងការយកចិត្តទុក ដាក់ដល់ការប្រកប របបអាជីវកម្ម, ការបង្កបង្កើនផល និង ការងាររបស់ប្រជាជន។ លើសពីនេះទៀត ត្រូវបន្តចូលរួមអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្ថិភាព ឱ្យកាន់តែសស្រាក់សស្រាំ ពិសេសបញ្ហាគ្រឿងញឿន ដោយត្រូវយកចិត្តទុដាក់ ក្នុងការពង្រឹក កម្លាំងប្រជាការពារ និងតួនាទីរបស់បញ្ជាការ គណៈឯកភាពឃុំនីមួយៗ និងត្រូវរក្សាការពារនូវទ្រព្យសម្បត្តិ ទាំងឡាយរបស់រដ្ឋផងដែរ៕