(សៀមរាប)៖ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ រួមជាមួយនឹងគណៈប្រតិភូមូល និធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក KIM Jung-Nam ប្រធានមូលនិធិ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញធ្វើទស្សនកិច្ចការងារនៅខេត្តសៀមរាប ដើម្បីឈ្វេងយល់អំពីតម្រូវការជំនួយមនុស្សធម៌ផ្នែកសុខាភិបាល និងអប់រំ នៅក្នុងមូលដ្ឋានខេត្តសៀមរាប។

ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្តសៀមរាបចំនួន០២ថ្ងៃនេះ គណៈប្រតិភូទាំងពីរ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់រដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងបានប្រជុំពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយរដ្ឋបាលខេត្តសៀមរាប, ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល និងថ្នាក់ដឹកនាំមន្ទីរពេទ្យជ័យវរ្ម័នទី៧ខេត្តសៀមរាប (មន្ទីរពេទ្យគន្ធបុប្ផា)។

បន្ទាប់មក គណៈប្រតិភូទាំងពីរ អមដំណើរដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាបបានអញ្ជើញធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ខេត្តសៀមរាប ដោយបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ គណៈគ្រប់គ្រងមន្ទីរពេទ្យ ដឹកនាំដោយលោកវេជ្ជបណ្ឌិត យ៉ៃ ចន្ទនា ព្រមទាំងបាន ស្តាប់សេចក្តីរាយការណ៍ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់មន្ទីរពេទ្យគន្ធបុផ្ផា ក្រោមការដឹកនាំរបស់លោកវិជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ដែលជាស្ថាបនិករបស់មន្ទីរពេទ្យ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង និងក្រុមគ្រូពេទ្យ ក្នុងការជួយព្យាបាល និងសង្គ្រោះកុមារកម្ពុជារាប់លាននាក់ ដោយឥតគិតថ្លៃ ។

គណៈប្រតិភូទាំងពីរ ក៏បានអញ្ជើញទស្សនាបន្ទប់សំខាន់ៗនានាក្នុងមន្ទីរពេទ្យ រួមមាន៖ បន្ទប់សម្រាកព្យាបាលរបស់ទារកទើបនឹងកើត ដែលមានបញ្ហាសុខភាពពីកម្រិតស្រាលទៅធ្ងន់ធ្ងរ បន្ទប់សម្រាករបស់ម្តាយ និងទារក និងបន្ទប់លំហែមាតុភាពដោយធម្មជាតិ និងវះកាត់ជាដើម។

ក្នុងឱកាសនោះ គណៈប្រតិភូទាំងពីរ ក៏បាននាំយកនូវថវិការបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកជំទាវ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋជាក្រុមគ្រួសាររបស់ទារក និងកុមារ ដែលកំពុងសម្រាកព្យាបាលជំងឺផងដែរ។

ដោយឡែក នាព្រឹកថ្ងៃទី០៩ខែឆ្នាំដដែល គណៈប្រតិភូទាំងពីរ អមដំណើរដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានអញ្ជើញទស្សនាប្រាង្គប្រាសាទអង្គរតូច ប្រាសាទតាព្រហ្ម និងប្រាសាទបាយ័ន ដែលជាប្រាសាទដ៏ល្បីល្បាញ ដែលបាននឹងកំពុងទាក់ទាញភ្ញៀវទេសចរណ៍នានាជុំវិញពិភពលោកឱ្យអញ្ជើញមកទស្សនា។

ក្នុងឱកាសទស្សនាប្រាសាទទាំង៣នេះ គណៈប្រតិភូទាំង២ បានស្វែងយល់អំពីសាវតានៃការកសាង ការគ្រប់គ្រង ការថែទាំ និងការជួសជុលឡើងវិញ ដោយមានការគាំទ្រពីសំណាក់បណ្តាអង្គការជាតិ អន្តរជាតិ ពិសេសការជួយឧបត្ថម្ភគាំទ្រពីសំណាក់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េផងដែរ។

សូមបញ្ជាក់ថា មូលនិធិចែករំលែកសង្គ្រាះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ គឺជាដៃគូរសហការដ៏ជិតស្និទ្ធជាមួយព្រឹទ្ធសភាកម្ពុជា ផ្នែកមនុស្សធម៌ ដែលបានយកនូវអំណោយដូចជា ឧបករណ៍វេជ្ជសាស្រ្ត ឱសថ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសម្ភារសិក្សា ចែកជូនដល់បណ្តាក្រសួង ខេត្ត មន្ទីរពេទ្យ មណ្ឌលសុខភាព ពិសេសប្រជាពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះ ដើម្បីលើកម្ពស់គុណភាពជីវិតរបស់ពួកគាត់ឲ្យកាន់តែប្រសើរ៕