(បន្ទាយមានជ័យ)៖ ក្រោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យបញ្ឈប់សកម្មភាពបោះត្រាបណ្ណព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ គេសង្កេតឃើញមានប្រជាពលរដ្ឋរាប់រយនាក់ បានសម្រុកចូលទៅកាន់ប្រទេសតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បណ្តាលឲ្យកកស្ទះយ៉ាងខ្លាំង ក៏ព្រោះតែភាគីថៃបានធ្វើការរឹតបន្តឹង។
ប្រឈមនឹងការដោះស្រាយបញ្ហានេះ អាជ្ញាធរក្រុងប៉ោយប៉ែត រួមជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានចុះទៅជួយសម្របសម្រួលជាមួយភាគីថៃ ដើម្បីឲ្យប្រជាពលរដ្ឋ ចេញចូលបានស្រួលដូចមុន។
ក្នុងឱកាសនោះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានជួបជាមួយភាគីថៃនៅច្រកខ្លងលឹក ប្រទេសថៃ ដើម្បីសម្របសម្រួលលើការងារនេះ។
លោក គាត ហ៊ុល បានឱ្យដឹងថា ក្រោយសម្តេចក្រឡាហោម ស ខេង បានដាក់បទបញ្ជាឱ្យបញ្ឈប់សកម្មភាពបោះត្រាបណ្ណព្រំដែនកម្ពុជា-ថៃ យកលុយក្រៅសេវាចាប់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣, ថៃ បានរឹតបណ្តឹងពលរដ្ឋកម្ពុជាចេញ-ចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទើបបណ្តាលកកស្ទះប៉ះពាល់ដល់អាជីវករខ្មែរលក់ដូរផ្សាររ៉ូងក្លឿ ប្រទេសថៃ។
យ៉ាងណាក៏ដោយ ក្រុមអាជីវករបានថ្លែងអំណគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានបញ្ឈប់សកម្មភាពបោះត្រា បណ្ណព្រំដែនកម្ពុជា-ថៃ យកលុយពេលចេញ-ចូល ម្តង៥០បាត ស្មើប្រាក់រៀល ៧,០០០រៀល។ សម្រាប់កម្មករអូសរទេះ១ថ្ងៃចេញ-ចូល៤ ទៅ៥ដង អស់ប្រមាណ២០០ ទៅ២៥០បាត ដែលធ្វើឱ្យប៉ះពាល់ជីវិភាពគ្រួសារ ប៉ុន្តែនៅពេលេនះបានធូរប្រសើរជាងមុខសម្រាប់ការចំណាយនេះ៕