(កំពង់ចាម)៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីបានចូលរួមចុះផ្សព្វផ្សាយគោលនយោបាយបក្ស ណែនាំពីរបៀបគូសសន្លឹកឆ្នោតឱ្យត្រឹមត្រូវ ជូនពលរដ្ឋនៅមូលដ្ឋានភូមិក្បាលហុងចាស់​ ឃុំល្វាលើ ស្រុកចំកាលើ ខេត្តកំពង់ចាម​ រួចមក លោក សុក ផេង ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំល្វាលើ រួមជាមួយក្រុមការងារ ក៏បានបន្តដំណើរ​ចុះជួបសំណេះសំណាលជាមួយសកម្មជនបក្សភ្លើងទៀន​ ចំនួន២៣រូប ដែលបានសម្រេចចិត្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា​ ក្នុងនោះមាន២រូបជាបេក្ខជនឈរឈ្មោះផងដែរ។​

មូលហេតុពួកគាត់ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារគណបក្សភ្លើងទៀនបានតែភូតភរមិនចេះចប់ ហើយគាត់សម្រេចចូលរួមគណបក្សប្រជាជនកម្ពុជា ដោយសារពួកគាត់មើលឃើញសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសមានការីកចម្រើនឥតឈប់ឈរ ប្រទេសជាតិមានសន្តិភាព។

សកម្មភាពនេះប្រព្រឹត្តទៅដោយមានការចូលរួមពីលោក​ អ៊ុយ​ ជីង លោក​ ជុំ​ អង្គរឧត្តម​ លោក​ ណុប​ វណ្ណៈ​ លោក​ ញឹម​ សុភាព លោក កេត កែវអមតៈ សមាជិក សមាជិកាគណៈកម្មាធិការបក្សឃុំ លោកមេភូមិ និងសហការី។

នាឱកាសនោះលោក សុក ផេង បានរំឭកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិតាម រយៈការដាក់ចេញនយោបាយឈ្នះឈ្នះ ការស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព ស្ថិរភាព ធ្វើឱ្យប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ន។ ដូចនេះ យើងទាំងអស់គ្នានឹងចងចាំជានិច្ចនូវគុណូប ការៈដ៏ថ្លៃថ្លានេះ និងប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថិរគង់វង្សជានិច្ច​៕