(ដាម៉ាស់)៖ ទូរទស្សន៍ស៊ីរី ដែលគាំទ្ររដ្ឋាភិបាលស៊ីរី បានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ចំនួនអ្នកស្លាប់ដោយការបំផ្ទុះគ្រាប់បែកផ្ទួនៗ នៅទីក្រុង Qamishli ភាគខាងជើងប្រទេសស៊ីរី បានកើនឡើងដល់ ៥២នាក់ ខណៈមនុស្ស ១៧០នាក់ បានរងរបួស។
យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី ២៨ ខែកក្កដានេះ បានឲ្យដឹងថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាតខាងលើ ត្រូវបានពួកសកម្មប្រយុទ្ធ ISIS បានអះអាងថា ខ្លួនជាអ្នកប្រព្រឹត្ត ដោយពួកក្រុមជ្រុលនិយមមួយនេះ ចង់កម្ទេចទីក្រុង Qamishli។
ទីភ្នាក់ងារព័ត៌មានក្នុងស្រុក SANA បានចេញផ្សាយថា រហូតមកដល់ពេលនេះ ក្រុមជួយសង្គ្រោះកំពុងតែប្រមូលសាកសពចេញពីគំនបាក់បែក ដោយទិដ្ឋភាពនេះ មើលទៅគួរឲ្យរន្ធត់ជាខ្លាំង។
គួរបញ្ជាក់ថា ការផ្ទុះបានកើតឡើងនៅក្បែរទីស្នាក់កងកម្លាំងសន្តិសុខរបស់ពួក Kurds ដែលគាំទ្រដោយសហរដ្ឋអាមេរិក។ ទីក្រុង Qamishli ភាគច្រើនត្រូវបានគ្រប់គ្រងដោយពួក Kurds ហើយក៏ជាគោលដៅវាយប្រហារពីក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ផងដែរ៕