(កណ្តាល)៖ លោក គង់ វិបុល ប្រធានគណៈកម្មាធិការបក្សមូលដ្ឋាន អគ្គនាយកដ្ឋានពន្ធដារ និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកល្វាឯម បានលើកឡើងថា «យើងគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍតទៅទៀត។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯងឈ្នះ»

ការលើកឡើងរបស់លោក គង់ វិបុល នៅព្រឹកថ្ងៃចន្ទ ៨ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្នាក់ការបក្សឃុំល្វាសរ ស្រុកល្វាឯម ឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៅឃុំបឹងគ្រំ ឃុំល្វាសរ និងឃុំកោះកែវ ស្រុកល្វាឯម ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ដែលមានសមាជិក សមាជិកាចូលរួមសរុបប្រមាណ ៣០០នាក់។

លោក គង់ វិបុល បានមានមតិសំណេះសំណាល និងលើកឡើងថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺមានអនាគតសម្រាប់ប្រទេសជាតិកម្ពុជាយើងទាំងមូល និងផ្តល់ក្តីសង្ឃឹមផ្តល់ការងារដល់ប្រជាពលរដ្ឋ។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តពង្រឹងការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធក្នុងស្រុកល្វាឯម ក៏ដូចជាឱ្យភូមិឃុំយើងបន្តអភិវឌ្ឍទៅមុខទៀត។

លោកបន្ថែមថា ការអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជន នៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ មានន័យថា ស្រឡាញ់គណបក្សប្រជាជន ស្រឡាញ់សម្តេចតេជោ ហ៊ុន សែន ស្រឡាញ់សុខសន្តិភាព និងការអភិវឌ្ឍ។

លោកបានបន្តទៀតថា នៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ គឺជាថ្ងៃដែលបងប្អូនសម្រេចនូវជោគវាសនា ប្រទេសជាតិដោយខ្លួនឯង បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯងឈ្នះ។

ក្នុងឱកាសនោះលោក គង់ វិបុល រួមជាមួយសមាជិក សមាជិកា បានប្រកាសប្ដេជ្ញាបោះឆ្នោតគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

បន្ទាប់ពីបញ្ចប់ពិធីនោះដែរ លោក គង់ វិបុល ក៏បានចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សដែលប្រចាំការ តាមមណ្ឌល នៃឃុំទាំង៣ផងដែរ៕