(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្រុមបក្ស ក៏ដូចជាក្រុមការងារទាំងអស់ ត្រូវពន្យល់ដល់សមាជិករបស់ខ្លួន កុំឱ្យចាញ់នូវពាក្យឃោសនាអកុសលរបស់ជនអកតិមួយចំនួន ដែលតែងតែបង្ហោញនៅតាមបណ្តាញសង្គម ក្នុងគោលបំណងឱ្យមានចលាចលនៅក្នុងសង្គមតែប៉ុណ្ណោះ។
ការក្រើនរំលឹកបែបនេះរបស់លោកស្រី បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកានៅភូមិកោះគ្រប់បាយ ឃុំកំពុងគោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប្រមាណជាង ៣១៥នាក់ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ។
ក្នុងឱកាសនោះ លោកស្រី ឃួន ឃុនឌី បានសំដែងសេចក្តីភាពរីករាយជាទីបំផុត និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ក្រុមការងារចុះមូលដ្ឋានឃុំ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានមកជួបជុំគ្នាថ្ងៃនេះ ដើម្បីគាំទ្រគោលនយោបាយ និងគោរពស្រឡាញ់ចំពោះគណបក្សប្រជាជនកម្ពុជា។
លោកស្រី ឃួន ឃុនឌី បានលើកឡើងថា គោលបំណងក្នុងការចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងផ្សព្វផ្សាយពីគោលនយោបាយបក្សប្រជាជន និងបង្រៀនសមាជិកបក្សនូវរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ គឺដើម្បីជៀសវាងការគូសខុស ដែលធ្វើឱ្យសន្លឹកឆ្នោតមិនអាចយកជាការបាន។
លោកស្រី ឃួន ឃុនឌី បានបន្តថា ក្នុងការចុះបង្រៀននូវរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវហើយនេះជាកិច្ចការដែលគ្រប់គណបក្សនយោបាយអាចធ្វើបានក្នុងអំឡុងពេលចុះឃោសនារកសម្លេងឆ្នោតផងដែរ។
លោកស្រីបានក្រើនរំលឹកដល់សមាជិក សមាជិកា ត្រូវចូលរួមជំរុញដល់សមាជិកក្រុមគ្រួសារ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា៕