(ស្វាយរៀង)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្វាយទាប នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារអញ្ជើញចូលរួមសំណេះសំណាល និងពិនិត្យលទ្ធផលការងារចុះឃោសនាតាមខ្នងផ្ទះ និងការបង្រៀនគូសសន្លឹកឆ្នោត នៅឃុំគគីសោម ស្រុកស្វាយទាប ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។
លោកស្រី បានថ្លែងនូវពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៅឃុំ គគីតសោម ផងដែរ។
នៅក្នុងឱកាសនោះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស និងបានផ្តាំផ្ញើដល់សមាជិក សមាជិកាគណបក្ស និង ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមពិនិត្យ និងត្រៀមអត្តសញ្ញាណបណ្ណរបស់ខ្លួន និងឯកសារបម្រើឱ្យការបោះឆ្នោតឲ្យបានរួចរាល់។
លោកស្រីបានបញ្ជាក់ថា ក្នុងករណីបាត់ ឬខូចអត្តសញ្ញាណបណ្ណ សូមប្រញាប់រួសរាន់ទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត (ឯ.អ) ឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ និងសូមជ្រើសរើសគណបក្សដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ។
ជាមួយគ្នានេះ លោកស្រីក៏បានអំពាវដល់សមាជិក សមាជិកាគណបក្ស និង ប្រជាពលរដ្ឋ ទៅបោះឆ្នោតឱ្យបានគ្រប់គ្នាកុំបីខាន និង បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កា នៅលើសន្លឹកឆ្នោតជាសម្គាល់ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគ។
បន្ថែមលើសពីនេះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានដឹកនាំសមាជិកទាំង៥០០នាក់ សាកល្បងគូសសន្លឹកឆ្នោត នៅក្នុងប្រអប់លេខរៀងទី១៨ ឱ្យបានត្រឹមត្រូវផងដែរ៕