(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះជួបសំណោះសំណាល ផ្សព្វផ្សាយគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដល់អាជីករលក់ដូរ នៅផ្សារតាំងគោក នៅស្រុកតាំងគោក ខេត្តកំពង់ធំ។

ជាមួយនឹងការចុះជួបសំណេះសំណាល និងជម្រុញដល់បងប្អូនអាជីវករនៅផ្សារតាំងគោកឱ្យអញ្ជីញទៅបោះឆ្នោត បងប្អូនអាជីវករក៏បានបង្ហាញការស្វាគមន៍ ជាមួយនឹងស្នាមញញឹមប្រកបដោយភាពស្និទ្ធស្នាល និងបានបញ្ជាក់ថា ពួកគាត់ស្គាល់ច្បាស់ពីកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ជាមួយនឹងការប្តេជ្ញាចិត្តទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យសម្តេចតេជោ បានបន្តដឹកនាំប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៅទៀត និងបានថ្លែងអរគុណដល់លោកបណ្ឌិត ថោង ខុន ដែលតែងតែជួយធ្វើការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ពួកគាត់ផងដែរ។

នាឱកាសនោះលោកបណ្ឌិត ថោង ខុន ក៏បានអំពាវនាវឱ្យបងប្អូនអាជីវករនៅក្នុងផ្សារតាំងគោកទាំងអស់ ត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ជាមុន និងទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ ដើម្បីជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ។

លោកបណ្ឌិត ថោង ខុន ក៏បានអំពាវនាវឱ្យបងប្អូនអាជីវករបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា និងស្ថិតនៅលេខរៀងទី១៨ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បន្តដឹកនាំមាតុភូមិកម្ពុជាក្នុង សុខសន្តិភាព កាន់តែរីកចម្រើន រុងរឿងទៅមុខរៀងរហូតនិងគាំទ្រលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគតផងដែរ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត៕