(ភ្នំពេញ)៖ កម្ពុជា-វៀតណាម បានសម្រេចចុះកិច្ចព្រមព្រៀងបង្កើតផ្សារគំរូជាលើកដំបូងតម្លៃប្រមាណ ២លានដុល្លារអាមេរិក នៅតំបន់សេដ្ឋកិច្ចពិសេស «ថារីត្បូងឃ្មុំ» ស្ថិតនៅព្រំដែនកម្ពុជា-វៀតណាម ក្នុងឃុំដារ ស្រុកមេ មត់ ខេត្តត្បូងឃ្មុំ។

ពិធីចុះហត្ថលេខាបានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាពរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ រួមនិងមន្រ្តីពាក់ព័ន្ធរបស់កម្ពុជា-វៀតណាម ជាច្រើនរូបទៀតនៅទីស្តីការក្រសួងពាណិជ្ជកម្មកម្ពុជា។
 
យោងតាមក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ការបង្កើតផ្សារគំរូនៅតំបន់សេដ្ឋកិច្ចពិសេស ថារីត្បូងឃ្មុំ ចំណាយទឹកប្រាក់ប្រមាណ ៤៤,៧៦១ លានដុង ប្រមាណ ២លានដុល្លារអាមេរិក ជាទឹកប្រាក់ជំនួយឥតសំណងរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម។

លោក ប៉ាន សូរស័ក្ដិ បានឲ្យដឹងក្រោយពិធីចុះកិច្ចព្រមព្រៀងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និង វៀតណាម បានកើនឡើងប្រមាណ ២.៣៦ភាគរយ ពី ៣,២៩២ លានដុល្លាអាមេរិក នៅឆ្នាំ២០១៤ ទៅ ៣,៣៧០លានដុល្លា ក្នុងឆ្នាំ២០១៥។ នៅក្នុងឆ្នាំ២០១៦ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរសង្ឃឹមថា នឹងកើនឡើងបន្ដទៅទៀត។

លោករដ្ឋមន្រ្តី ក៏សង្ឃឹមថា ការបង្កើតផ្សារគំរូនៅព្រំដែននេះ នឹងនាំមកនូវកំណើនទ្វេគុណ ចំពោះការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕