(សៀមរាប)៖ ដូចការគ្រោងទុកនៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តសៀមរាប បានទទួលគណៈប្រតិភូនិស្សិតសាកលវិទ្យាល័យ Management School of Lyon, Polytecnic of Orleans និងPolytechnic of Chartner នៃប្រទេសបារំាង ចំនួន២០នាក់ ដឹកនាំដោយ Dr. Penh Lamuth: French Atomic Energy Commission (CEA) នៅ DRAGON ROYAL HOTEL ខេត្តសៀមរាប។
លោក ឃី វណ្ណេត សាកលវិទ្យាធិការរងប្រតិបត្តិសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា បានបង្ហាញក្តីសោមនស្សរីករាយក្រៃលែង ដែលគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជាសាខាខេត្តសៀមរាបទាំងអស់ មានកិត្តិយសបានទទួលធ្វើបដិសណ្ឋារកិច្ច ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅបំផុត ចំពោះលោកបណ្ឌិត ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាស្ថាបនិកសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា, Dr. Penh Lamuth ប្រធានគណៈប្រតិភូ និងប្រតិភូនិស្សិតមកពីសាកលវិទ្យាល័យល្បីៗ នៃប្រទេសបារំាង មកធ្វើការផ្លាស់ប្តូរបទពិសោធន៍ (Exchange Program) នៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជាសាខាខេត្តសៀមរាប។
លោកបញ្ជាក់ថា ពួកគេនឹងសិក្សាស្រាវជ្រាវស្វែងយល់វប្បធម៌ខ្មែរ តំបន់ទេសចរណ៍ ប្រាសាទបុរាណខ្មែរ ទំនៀមទំលាប់ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ និងសិក្សាស្វែងយល់ពីកម្មវិធីសិក្សានៅឧត្តមសិក្សាជាមួយគ្នា។
លោកសាកលវិទ្យាធិការរង បានគូសរំលេចទៅកាន់ភ្ញៀវថា លទ្ធផល និងសមិទ្ធផលសម្រេចបានជាង២០ឆ្នាំកន្លងមកនេះ បានបង្ហាញយ៉ាងច្បាស់អំពីសមត្ថភាព លទ្ធភាព និងបទពិសោធន៍ ដែលសហការី សហការិនី និងសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា មានក្នុងបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួនគឺ «បណ្តុះបណ្តាលឲ្យមានចំណេះដឹង បណ្តុះបណ្តាលឲ្យមានចំណេះធ្វើបណ្តុះបណ្តាលឲ្យមានបុគ្គលិកលក្ខណសម្បត្តិល្អ ដើម្បីជោគជ័យក្នុងការងារ និងមុខរបរ»។
ក្នុងឆ្នាំសិក្សា២០២២-២០២៣នេះ សាកលវិទ្យាល័យបានធ្វើការអភិវឌ្ឍន៍ទាំងទំហំ និងជម្រៅបន្ថែមជាច្រើនទៀតលើ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, ការពង្រឹងបច្ចេកទេសបង្រៀន និងរៀនតាមបរិបទថ្មីសម័យឌីជីថល វិធីបង្រៀន និងរៀនលើគន្លងថ្មីនៃសតវត្សរ៍ទី២១, ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងដឹកនាំ និងពង្រឹងការគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យា ICT។ ក្រៅពីកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងស្រុក សាកលវិទ្យាល័យបានធ្វើកិច្ចសហប្រតិបត្តិការ និងបានចុះអនុស្សរណៈយោគយល់ ជាមួយសាកលវិទ្យាល័យ និងស្ថាប័នបរទេសចំនួន៥៦ មកពី កូរ៉េខាងត្បូង ចិន ជប៉ុន ថៃឡង់ អង់គ្លេស ហ្វីលីពីន បង់ក្លាដេស ម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី អាឡឺម៉ង់ វៀតណាម អ៊ីស្រាអែល និងបារំាងជាដើម។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ សាកលវិទ្យាល័យ បានបញ្ជូនសាស្រ្តាចារ្យ និងនិស្សិត ទៅសិក្សាវគ្គវែង និងកម្មសិក្សាខ្លីៗ ព្រមទាំងបានទទួលនិស្សិតបរទេសមក ផ្លាស់ប្តូរការសិក្សាជាមួយ និស្សិតសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជាផងដែរ។
លោក Dr. Penh Lamuth ជាប្រធានគណៈប្រតិភូដឹកនាំនិស្សិតមកពីសាកលវិទ្យាល័យ Management School of Lyon, Polytecnic of Orleans និង Polytechnic of Chartner នៃប្រទេសបារំាង បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យទាំងពីរ ពិតជាផ្តល់សារៈប្រយោជន៍ច្រើនដល់និស្សិតប្រទេសទាំងពីរ ក្នុងការស្វែងយល់ពីគ្នាធ្វើការសិក្សារួមគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវ រូបលោកសង្ឃឹមថា និស្សិតទាំងពីរក្រុមពិតមែនតែជាតិសាសន៍ខុសគ្នា តែពួកគេមានឆន្ទៈ ក្នុងការសិក្សាដូចគ្នា។
ចុងបញ្ចប់ នៃចំណាប់អារម្មណ៍ លោកពិតជាមានមោទនភាពជាមួយនឹងការខិតខំប្រឹងប្រែងរបស់និស្សិតកម្ពុជា ជាមួយនឹងធនធានធម្មជាតិ សម្បត្តិវប្បធម៌ធម្មជាតិ ដ៍សម្បូរបែប ព្រមទាំងបានសន្យាថា នឹងនាំការរីកចម្រើនរបស់ប្រទេសកម្ពុជា សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា និងស្នាមញញឹមដ៏មានអត្ថន័យរបស់ប្រជាជនកម្ពុជា និស្សិតកម្ពុជា ពិសេសនិស្សិតសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ទៅប្រាប់ប្រជាជនបារំាង និងនិស្សិតបារំាង។
បន្ទាប់មកគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និស្សិតសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា និងគណប្រតិភូនិស្សិតមកពីប្រទេសបារំាង បានទស្សនារបាំប្រពៃណី របាំអប្សរា របាំគោះត្រឡោក របាំនេសាទ របាំជូនពរ ការសម្តែងរួមគ្នារវាងនិស្សិត នៃប្រទេសទាំងពីរ និងពិសារអាហារសាមគ្គី ពិភាក្សាគ្នារវាងនិស្សិតសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា និងនិស្សិតនៃប្រទេសបារំាង ប្រកបដោយភាតរភាពក្រៃលែង៕