(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញចុះសួរសុខទុក្ខ លោកស្រី ធឹម ស្រីនិត និងចៅស្រីសម្តេចតេជោ «ខន សែនចរណៃ» នៅឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលសកម្មភាពនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុក្ខដាក់របស់ថ្នាក់ដឹកនាំគណបក្សក្នុងមូលដ្ឋាន ជាមួយនឹងសមាជិក សមាជិកានៅតាមមូលដ្ឋាន ដោយបានផ្សាភ្ជាប់នូវក្តីស្រឡាញ់ ភាពកក់ក្តៅ និងការគិតគូរសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា។
ការអញ្ជើញចុះសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នេះ បន្ទាប់ពីសម្តេចបានចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាង៦០០នាក់ នៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដើម្បីផ្សព្វផ្សាយនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងបង្រៀនគូសសន្លឹកឆ្នោត នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។
គួររំលឹកផងដែរថា លោកស្រី ធឹម ស្រីនិត បានឈឺពោះសម្រាលបានកូនស្រីម្នាក់ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ ចុះសាកសួរសុខទុក្ខជាមួយនឹងកម្មករ កម្មការិនីជាង ២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធែន ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
សម្តេចតេជោបាន ដាក់ឈ្មោះឱ្យថា «ខន សែនចរណៃ» និងបានបញ្ជាឱ្យអភិបាលខេត្តនាំយកថវិកាឧបត្ថម្ភជូនស្ត្រីជាម្ដាយ ក្នុងនោះមានថវិការបស់សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិតចំនួន ៥លានរៀល ថវិកា ២០០ដុល្លារ សម្រាប់ស្ត្រីដែលមានផ្ទៃពោះក្នុងកម្មវិធីសំណេះសំណាលជាមួយសម្តេចតេជោ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើឱ្យលោកស្រី ធឹម ស្រីនិត ត្រូវតាមសុខភាពរបស់ខ្លួនឱ្យបានជាប់ជាប្រចាំតាមការណែនាំរបស់ គ្រូពេទ្យ ជាពិសេសការនាំកូនទៅចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗ ដើម្បីបង្ការនូវជំងឺឆ្លង៕