(ភ្នំពេញ)៖ សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌច្បារអំពៅជិត៤០០នាក់ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ទទួលបានការបណ្តុះបណ្តាលស្តីពីក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍ មុនការចូលរួមក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។

វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្រោមអធិបតីភាពលោក ឃុត ចាន់ដារ៉ា អនុប្រធានប្រចាំការសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ តំណាងលោក សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ មានការចូលរួមពីកម្លាំង ស.ស.យ.ក ខណ្ឌជិត៤០០នាក់។

លោក ចេង មុនីរ៉ា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌច្បារអំពៅ បានថ្លែងថា វគ្គបណ្តុះបណ្តាលស្តីពីក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍ជាតិរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌច្បារអំពៅ ចូលរួមក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ពិតជាមានសារៈសំខាន់ណាស់ និងសូមកោតសរសើរដោយស្មោះចំពោះវត្តមានលោក លោកស្រី សមាជិក សមាជិការ ជាពិសេសយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ-សង្កាត់ ដែលបានឆ្លាតពេលដ៏មមាញញឹកពីការងារ ការសិក្សារបស់ខ្លួន មកចូលរួមវគ្គបណ្តុះបណ្តាលនេះ។

ដោយឡែក លោក ឃុត ចាន់ដារ៉ា អនុប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ តំណាងលោក សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានមានមតិសំណេះសំណាល និងផ្តាំផ្ញើដល់សិក្ខាកាមថា វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាម និងទទួលបានចំណេះដឹងអំពីនីតិវិធី បទបញ្ជា ក្រមសីលធម៌ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ និងយល់ច្បាស់លាស់ពីតួនាទី ភារកិច្ចរបស់អ្នកសង្កេតការណ៍ជាតិនៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។ ក្រោយពេលចប់វគ្គបណ្តុះបណ្តាលនេះលោក លោកស្រី និងយុវជនប្រាកដជាយល់ច្បាស់អំពីគោលបំណង អត្ថន័យ និងអត្ថប្រយោជន៍នៃសូចនាករនីមួយៗ ដើម្បីយកទៅអនុវត្ត៕