(ភ្នំពេញ)៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនបុរសម្នាក់ ក្រោយតាំងខ្លួនជាតំណាងអយ្យការដោយប្រើឈ្មោះ ជានរៈ សាវង្ស។ ជនសង្ស័យត្រូវបានសមត្ថកិច្ចដោះលែងវិញ បន្ទាប់ពីទទួលស្គាល់នូវអ្វីដែលខ្លួនបានប្រព្រឹត្តខុសនៅតាមបណ្ដាញសង្គម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ជា ដូ ភេទប្រុស កើតថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០០០ បានប្រើគណនីហ្វេសប៊ុករបស់ខ្លួន ជានរៈ សាវង្ស ដែលមាន ID៖១០០០៩១៣៣៣៥១៤៩០៧ ចែករំលែក (Share) ព័ត៌មានមួយលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបានសរសេរសំណេរ ដែលមានខ្លឹមសារថា «ខ្ញុំសុំដាក់សំនួរទៅខាងមេធាវីដើមបណ្តឹងថា តើលោកមានវិជ្ជាជីវៈជាមេធាវីទេ មុននឹងធ្វើជាមេធាវីការពារក្តីឲ្យដើមបណ្តឹង លោកបានដឹងទេថា សំណុំរឿងនឹងវាយ៉ាងម៉េច សូមលោកមេធាវីធ្វើការ ដោយតម្លៃជាមេធាវីផង យើង ជានរៈ សាវង្ស ព្រះរាជអាជ្ញាអមតុលាការកំពូលក្រុងភ្នំពេញ» ដោយប្រើឋានៈក្លែងធ្វើឲ្យប៉ះពាល់ដល់ ស្ថាប័នមហាអយ្យការអមតុលាការកំពូល លុះដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ក៏ត្រូវសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាឃាត់ខ្លួនឈ្មោះ ជា ដូ យកមកសាកសួរ និងចាត់ការតាមនីតិវិធី។
ក្រោយពេលទទួលបានសំណុំរឿងខាងលើ ពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ តំណាងអយ្យការបានធ្វើការស្តាប់ចម្លើយជនសង្ស័យឈ្មោះ ជា ដូ រួចរាល់ហើយ ជនសង្ស័យបានសារភាពទទួលស្គាល់កំហុស និងសុខចិត្តសុំទោសជាសាធារណៈ។ ក្រោយពីបានបញ្ចប់កិច្ចស៊ើបអង្កេត តំណាងអយ្យការបានសម្រេចអនុញ្ញាតឲ្យឈ្មោះ ជា ដូ ត្រឡប់ទៅវិញ ដោយសារតែសកម្មភាពប្រព្រឹត្តរបស់ជនសង្ស័យមិនទាន់បានបង្កើតជាអត្ថិភាព នៃបទល្មើសនៅឡើយបើផ្អែកតាមភស្តុតាង និងការពិនិត្យសំណុំរឿងរបស់តំណាងអយ្យការ។
បុគ្គលឈ្មោះ ជា ដូ ក៏បានធ្វើការសុំទោសជាសាធារណៈ ចំពោះអ្វីដែលខ្លួនបានប្រព្រឹត្ត ដោយអះអាងថា «ខ្ញុំបាទសុំទោសនូវរាល់កំហុសឆ្គងដែលបានតាំងខ្លួនជាព្រះរាជអាជ្ញាអមតុលាការកំពូល តែខ្ញុំបាទមិនមានចេតនាធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងតម្លៃរបស់ស្ថាប័នមហាអយ្យការអមតុលាការកំពូលទេ ដោយសារខ្ញុំបាទសិក្សាបានត្រឹមថ្នាក់ទី៩ ទើបមិនបានគិតវែងឆ្ងាយ ហើយខ្ញុំបាទសូមសន្យាថា ឈប់ប្រព្រឹត្តនូវរាល់អំពើខុសឆ្គងនេះតទៅទៀតហើយ និងធ្វើខ្លួនឲ្យក្លាយជាពលរដ្ឋល្អនៅក្នុងសង្គមជារាងរហូត»៕