(ភ្នំពេញ)៖ បន្ទាប់ពីវះកាត់ភ្ជិតបេះដូងប្រហោងដោយជោគជ័យ ព្រមទាំងសម្រាកតាមដានជំងឺអស់រយៈពេលប្រមាណជាមួយសប្តាហ៍ នៅពេលនេះកុមារី ម៉ង់ ធីដាណា និងម្តាយបានចាកចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញហើយ ជាមួយទឹកមុខពោរពេញដោយក្តីរីករាយ។
កុមារី ម៉ង់ ធីដាណា អាយុ ៥ឆ្នាំនៅភូមិទួលម្កាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ កុមារីរូបនេះមានបញ្ហាបេះដូងតាំងពីកំណើត។ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ អ្នកស្រី ឆៃ ចន្ធី ជាម្តាយ បាននាំកុមារី ធីដាណា ស្កាត់សូមការជួយសង្គ្រោះពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងពេលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅក្នុងស្រុងក្រគរ ខេត្តពោធិ៍សាត់។
ទទួលបានសំណើសង្គ្រោះជីវិតកូនស្រីពីស្ត្រីមានជីវភាពខ្សត់ខ្សោយនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ជួយអន្តរាគមន៍ស្វែងរកការព្យាបាលជូនកុមារីរូបនេះ ដោយមិនបង្អង់យូរនោះឡើយ។ មិនត្រឹមណែនាំឱ្យស្វែងរកការព្យាបាលជូនកុមារី ម៉ង់ ធីដាណា នោះឡើយ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់ស្ត្រីជាម្តាយដោះស្រាយការលំបាកក្នុងជីវភាពផងដែរ។
កុមារី ម៉ង់ ធីដាណា ទទួលបានការវះកាត់ភ្ជិតប្រហោងសន្ទះបេះដូងថតក្រោម (VSD) នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។ ក្រោយការវះកាត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីក្រុមគ្រូពេទ្យជំនាញរយៈពេលប្រមាណជា៥ម៉ោង បេះដូងរបស់កុមារី ធីដាណា ត្រូវបានដេរភ្ជិតឡើងវិញដោយជោគជ័យ។
លោកវេជ្ជបណ្ឌិត គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ឆាកម្ពុជា បានឱ្យដឹងថា បន្ទាប់ពីការសម្រាកតាមដានសុខភាពរយៈពេលប្រមាណមួយសប្តាហ៍ក្រោយពេលវះកាត់នោះ សុខភាពរបស់កុមារី ម៉ង់ ធីដាណា បានល្អប្រសើរឡើងវិញហើយ ហើយត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងដំណើរចាកចេញពីមន្ទីរពេទ្យនាព្រឹកថ្ងៃនេះ ទាំងម្តាយ និងកុមារី ធីដាណា បានរំលេចនូវស្នាមញញឹមយ៉ាងពព្រាយនៅលើផ្ទៃមុខ ដែលជាការបង្ហាញឱ្យឃើញនូវក្តីរីករាយយ៉ាងក្រៃលែង។ ជាពិសេសស្នាមញញឹមពោរពេញដោយក្តីសង្ឃឹមក្នុងការបន្តដំណើរជីវិតទៅមុខទៀត បន្ទាប់ពីទទួលបានភាពកក់ក្តៅនៃការជួយសង្គ្រោះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
គ្មានក្តីរីករាយណាស្មើនឹងការដណ្តើមជីវិតចេញពីជំងឺរ៉ាំរ៉ៃរបស់កូនស្រី ហើយក៏គ្មានគុណណាធំ ស្មើនឹងគុណនៃការជួយសង្គ្រោះជីវិតនោះដែរ។ ជាមួយនឹងក្តីរំភើបដែលគ្មានអ្វីប្រៀបផ្ទឹមបាននោះ អ្នកស្រី ឆៃ ចន្ធី បានលើកដៃប្រណមសំពះពីចម្ងាយសម្តែងក្តីគោរពអរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
អ្នកស្រី ឆៃ ចន្ធី បានបញ្ជាក់ដូច្នេះ «នាងខ្ញុំ និងកូនស្រី មានក្តីរំភើបគ្មានអ្វីផ្ទឹមបាននោះទេ។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាព្រះរស់ដែលបានជួយកូនខ្ញុំឱ្យមានជីវិតជាថ្មី។ គុណនេះធំមហាសាលណាស់ គ្មានអ្វីអាចកាត់ថ្លៃ គ្មានអ្វីប្រៀបផ្ទឹមបានឡើយ។ ខ្ញុំសូមចង់ចាំនូវគុណបំណាច់នេះអស់មួយជីវិតរបស់ខ្ញុំ»។
ក្រៅតែពីការគោរពថ្លែងអំណរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតហើយនោះ អ្នកស្រី ឆៃ ចន្ធី ក៏បានថ្លែងអំណរគុណលោកស្រី យក់ សម្បត្តិ ដែលបានខ្នះខ្នែងសម្របសម្រួលបញ្ជូនកូនអ្នកស្រីមកព្យាបាល ព្រមទាំងថ្លែងអំណរគុណដល់គ្រូពេទ្យមន្ទីរពេទ្យគន្ធបុប្ផាដែលបានជួយព្យាបាល និងមើលថែកូនស្រីឱ្យមានសុខភាពល្អប្រសើរឡើងវិញ៕