(កំពង់ស្ពឺ)៖ លោក លី ច័ន្ទតុលា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយសង្កាត់វាលពង់ និងលោកស្រី ឈីវ ភិរម្យ ដឹកនាំក្រុមការងារជាង៣០០០នាក់ ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ជាលើកទី២ នៅសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ពេញមួយថ្ងៃនៃថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារចុះជួយសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក លី ច័ន្ទតុលា បានចុះដឹកនាំការដង្ហែរក្បួនឃោសនាបោះឆ្នោតនៅក្នុងភូមិទាំង២៧ នៃសង្កាត់វាលពង់។ នេះជាសកម្មភាពឃោសនាទ្រង់ទ្រាយធំជាលើកទី២ ដែលមានក្រុមការងារចំនួនជាង១០០នាក់ ប្រជាពលរដ្ឋដែលជាសមាជិកបក្សបង្គោលចូលរួមចំនួនជាង១០០នាក់ និងប្រជាពលរដ្ឋតាមភូមិបានប្រមូលគ្នា ចេញមកចូលរួមហែរនៅក្នុងភូមិនិមួយៗរបស់ខ្លួនចំនួនជាមធ្យម១០០នាក់ ក្នុងមួយភូមិ ដែលធ្វើឱ្យចំនួនអ្នកហែរនៅថ្ងៃនេះមានសរុបប្រហាក់ប្រហែលចំនួនជិត៣០០០នាក នៅក្នុងក្បួន។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនៅថ្ងៃនេះ នោះគឺទឹកចិត្តស្រឡាញ់គណបក្សប្រជាជនកម្ពុជា ទឹកចិត្តគោរពស្រឡាញ់សម្តេចតេជោ ហ៊ុន សែន របស់ប្រជាពលរដ្ឋនៅតាមភូមិ ដោយគាត់បានមកចូលរួមដង្ហែនៅពីក្រោយក្បួនដោយស្ម័គ្រចិត្ត។

ប្រជាពលរដ្ឋនៃសង្កាត់វាលពង់ស្ទើរតែ១០០% ចូលរួមគាំទ្រគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា​ និងការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ ដើម្បីសន្តិភាព​ ស្ថិរភាពនយោបាយ​ និងការអភិវឌ្ឍ។

សង្កាត់វាលពង់ជាសង្កាត់មួយក្នុងចំណោមសង្កាត់ទាំង៥ នៃក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ សង្កាត់នេះមានភូមិចំនួន២៧ និងមានអង្គបោះឆ្នោតសរុបចំនូន១០,៨២៥នាក់។ គួររំលឹថា លទ្ធផលនៃការគាំទ្រគណបក្សប្រជាជនកម្ពុជាមានចំនួនរហូតដល់ទៅ៩២% នៃចំនួនសន្លឹកឆ្នោតបានការទាំងអស់ នាការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០២២៕