(កំពង់ចាម)៖ សកម្មភាពឆក់កាបូប២ករណីផ្ទួនៗ ប្រព្រឹត្តដោយជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿង ដោយករណីដំបូងបានធ្វើសកម្មភាពឆក់កាបូបពីស្ដ្រីគ្រូបង្រៀនម្នាក់ នៅចំណុចភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងបន្ទាប់មកឆក់កាបូបមួយករណីទៀត នៅចំណុចភូមិតាកុច ឃុំស្រង៉ែ ស្រុកព្រៃឈរ។ ហេតុការណ៍នេះ បានកើតឡើងព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម, លោកវរសេនីយ៍ឯក សេង ណា អធិការនគរបាលស្រុកព្រៃឈរ បានបញ្ជាឲ្យកម្លាំងជំនាញស្រុក និងកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញស្រុកជើងព្រៃ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ទី១៖ឈ្មោះ រ៉េត សារីម អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិអូរឌឹម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងទី២៖ឈ្មោះ អាត សំអន អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិជម្ពូវ័នទី១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅចំណុចខាងលិចរោងចក្រជីហួយ ស្ថិតក្នុងភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្នុងនោះសមត្ថកិច្ចដកហូតបាន វត្ថុតាងមានម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ កាំបន្ទះពណ៌ស លេខតួ និងលេខម៉ាស៊ីន5259723 ពាក់ផ្លាកលេខភ្នំពេញ 1GZ-4562, មួកសុវត្ថិភាពពណ៌ស ចំនួន២, ទូរស័ព្ទដៃ២គ្រឿង (ម៉ាក OPPO របស់ជនសង្ស័យ) និងកាបូបពណ៌ផ្កាឈូកចំនួន១, ទូរស័ព្ទដៃ២គ្រឿង, កូនសោរចំនួន២ ប្រាក់ចំនួន៤២០,០០០រៀលជារបស់ជនរងគ្រោះ។ ដោយឡែកបក្សពួកមួយចំនួនទៀតបានរត់គេចខ្លួន។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ បានឲ្យដឹងថា តាមចម្លើយរបស់ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក ពិតជាបានធ្វើសកម្មភាពឆក់កាបូប កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ចំនួន២លើក គឺនៅវេលាម៉ោង០៨៖២០នាទី នៅចំណុចភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ១លើក និងវេលាម៉ោង០៩៖០០នាទី នៅចំណុចភូមិតាកុច ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ១លើកទៀត ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានឃាត់ទុកជាបណ្តោះអាសន្ននៅអធិការដ្ធាននគរបាលស្រុកព្រៃឈរ និងបន្តចាត់ការតាម ស្វែងរកបក្ខពួកដែលបានរត់គេចខ្លួននៅក្នុងរាជធានីភ្នំពេញ រហូតដល់ថ្ងៃខែឆ្នាំដដែល វេលាម៉ោង០៤៖៣០នាទី បន្តឃាត់ខ្លួនជនសង្ស័យជាបក្ខពួកចំនួន២នាក់ ទី១៖ឈ្មោះ ធឿន ពុទ្ធី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរឌឹម សង្កាត់ត្រពាំងក្រសាំ ខណ្ឌពោធិ៍សែនជ័យ និងទី២៖ឈ្មោះ វីរ: វីទូ ហៅអាហេង អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិត្នោតមួយដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។នៅចំណុចភូមិត្នោតមួយដើម ឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្តាល។

ដោយឡែកបក្ខពួក២នាក់ទៀតបានគេចខ្លួនបាត់ ព្រមទាំងដកហូតវត្ថុតាងមានម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ (គ្មានស្លាកលេខ) កាំបន្ទះពណ៌ស លេខតួ និងលេខម៉ាស៊ីន០០៧០៧០៣ទូរសព្ទដៃ៤គ្រឿង តាមបញ្ជាលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕