(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ បេក្ខជនតំណាងរាស្រ្តខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បានបន្តដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងណែនាំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា។

ពិធីនេះ ធ្វើឡើងនៅក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំមេព្រីង ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពីលោក ប៉ាវ ហេងតារា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាធាយ, លោក សួន វិជ្ជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំមេព្រីង, លោក ផេង សុផល ប្រធានគណៈកម្មាធិការគណបក្សស្រុកបាធាយ ព្រមទាំង លោក លោកស្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំមេព្រីង ជាច្រើនរូប។

ក្នុងឱកាសនោះ លោកបេក្ខជនតំណាងរាស្រ្ត បានរំឮកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាននាំមកនូវភាពរីកចម្រើននៅទូទាំងប្រទេស ជាពិសេសក្នុងមូលដ្ឋានស្រុកបាធាយផ្ទាល់ ដោយបាននាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រកសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។ ដែលជាសក្ខីភាពមួយបង្ហាញថា កម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ ប្រកបដោយក្តីសង្ឃឹមជឿជាក់ តាមរយៈការចូលរួមរបស់ប្រជាជនកម្ពុជាគ្រប់ៗគ្នា។

លោកបេក្ខជនតំណាងរាស្រ្ត បន្ថែមថា សមិទ្ធផលទាំងនេះ សុទ្ធតែបានមកពីផ្លែផ្កានៃសន្តិភាព ដោយការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។ អាស្រ័យហេតុនេះ យើងទាំងអស់គ្នាដែលជាកូនចៅជំនាន់ក្រោយ នឹងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ និងប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមាន លេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត។

លើសពីនេះ សូមបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។

ជាមួយគ្នានេះ លោក ប៉ាន សូរស័ក្ដិ បានធ្វើការបង្ហាញជូនអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានអាន និងពន្យល់អំពីខ្លឹមសាររបស់កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមនាឱកាសនោះ ផងដែរ៕