(ភ្នំពេញ)៖ ដោយមានការណែនាំពីលោក កែប ជុតិមា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដង្កោ, លោកស្រី គ្រួច សំអាន និងលោកបណ្ឌិត លី ឆេង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដង្កោ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ លើកទី២ ក្នុងមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក ម៉ៃ ម៉ុន ប្រធានគណៈកម្មាធិការគណបក្សខណ្ឌដង្កោ និងលោកស្រី គឹម ញឹប អនុប្រធានគណៈកម្មាធិការគណបក្សខណ្ឌ និងជាអភិបាលនៃគណៈអភិបាលខណ្ឌដង្កោ រួមជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោចូលរួមប្រមាណជាង ២,០០០នាក់។
ជាមួយនឹងក្បួនដង្ហែពោលពេញដោយទឹកមុខសប្បាយរីករាយនោះ គឺមានសំឡេងស្រែងពន្លឺឡើយថា «ជយោ! គណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ព្រមជាមួយសំឡេងសូមអរគុណសន្តិភាព សូមអរគុណនយោបាយឈ្នះឈ្នះ សូមដឹងគុណស្ថាបនិកសន្តិភាព និងប្រតិបត្តិករនយោបាយឈ្នះឈ្នះដែលនាំមកនូវសន្តិភាព ឯកភាពពេញលេញ។
លោកបានអំពាវនាវឱ្យប្រជាពលរដ្ទទាំងអស់សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ពិសេស គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» មានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងសូមគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោតស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង គឺដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍ និងអនាគតកូនចៅជំនាន់ក្រោយ។
នៅក្នុងពិធីដង្ហែក្បួនឃោសនារកសំឡេងឆ្នោតជាលើកទី២នោះ ត្រូវបានប្រជាជននៅតាមមូលដ្ឋានភូមិ និងនៅតាមដងផ្លូវ បានធ្វើការអបអរសាទរស្វាគមន៍ និងសូមជូនពរសូមឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះជាថ្មីទៀត ដើម្បីជូនសម្ដេចតេជោ ហ៊ុន សែន បន្តជានាយករដ្ឋមន្ត្រី ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត៕