(កំពង់ចាម)៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ លោក សុក ផេង ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំល្វាលើ និងក្រុមការងារបានបន្តដឹកនាំសមាជិក សមាជិកាគណបក្សចុះជួបសំណេះសំណាលជាមួយសមាជិកបក្សតាមខ្នងផ្ទះក្នុងភូមិល្វាត្បូង ឃុំល្វាលើ សរុបចំនួន២២ខ្នងផ្ទះ ជួបប្រជាពលរដ្ឋចំនួន៣៥នាក់ ស្រី១៩នាក់។
ក្នុងនេះដែរ លោកបានផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ក្លាយជាសន្លឹកឆ្នោតបានការ ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា។
សកម្មភាពនេះប្រព្រឹត្តទៅដោយមានការចូលរួមពីលោក មៀច សំអ៊ាន់ លោក កែត ឃី លោក សួន សុភា លោក កេត កែវអមតៈ លោក ញឹម សុភាព សមាជិក សមាជិកាគណៈកម្មាធិការបក្សឃុំ លោកមេភូមិ និងសហការី។
នាឱកាសនោះដែរ លោកបានរំឭកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិតាមរយៈការដាក់ចេញនយោបាយឈ្នះឈ្នះ ការស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព ស្ថិរភាព ធ្វើឲ្យប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ន។ ដូចនេះ យើងទាំងអស់គ្នានឹងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ និងប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថិរគង់វង្សជានិច្ច៕