(កណ្តាល)៖ ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួន ៨១៨នាក់ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តដឹកនាំយុទ្ធនាការឃោសនាទ្រង់ទ្រាយធំជាលើកទី២ ដើម្បីស្វែងរកសំឡេងឆ្នោត នាព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណារាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។
យុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅមូលដ្ឋានសង្កាត់ស្វាយរលំនេះ ដឹកនាំដោយលោក ឈាង សុវណ្ណរតនា និងភរិយា ប្រធានក្រុមការងារ និងមានការចូលរួមដោយប្រធានគណបក្សសង្កាត់ស្វាយរលំ និងសមាជិកសមាជិកាបក្សជាច្រើនទៀត។
យុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ បានធ្វើឡើងនៅក្នុងមូលដ្ឋានសង្កាត់ទាំង៦ភូមិនៃក្រុងតាខ្មៅ។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕