(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ព្រឹកទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តដឹកនាំក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ លើកទី២ នៅក្នុងស្រុកអូររាំងឪ។

លោកបានបញ្ជាក់ថា ការដង្ហែក្បួនថ្ងៃនេះ គឺជាការដង្ហែក្បួនធំ បន្ទាប់ពីការបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងស្រុកអូររាំងឪ កាលពីថ្ងៃទី០១ កក្កដា កន្លងមកនេះ និងជាឱកាសបង្ហាញពីសមាជិកភាព ក៏ដូចជាកម្លាំងរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឆ្ពោះទៅរកភាពជោគជ័យសាជាថ្មី ដោយសារតែសមាជិកបក្សបានសំដែងនូវការជឿជាក់លើការដឹកនាំ និងលើអ្វីដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានកន្លងមក។ ពីមួយថ្ងៃទៅមួយថ្ងៃ គណបក្សប្រជាជនកម្ពុជា គឺកាន់តែរឹងមាំ ដោយសារការជឿទុកចិត្ត និងការកើនឡើងនូវចំនួនសមាជិក សមាជិកាបក្ស និងសកម្មជនគណបក្ស។

នាឱកាសនោះដែរ លោក អ៊ាង សុផល្លែត បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បន្តកសាងប្រទេសជាតិយើង ឱ្យកាន់តែរីកចម្រើនឡើង ក្លាយជាប្រទេសជឿនលឿន។

គួរបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងគាំទ្ររបស់គណបក្សនយោបាយ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ មានរយៈពេល២១ថ្ងៃ ដោយរាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕