(ត្បូងឃ្មុំ)៖ ដើម្បីចូលរួមជាមួយក្រសួងសុខាភិបាលក្នុងការលើកកម្ពស់គុណភាព និងបង្ខិតសេវាសុខាភិបាល ឱ្យបានដល់ទីជនបទសំដៅរួមចំណែកកាត់បន្ថយលើការចំណាយរបស់ប្រជាពលរដ្ឋទូទាំងស្រុកក្រូចឆ្មារ និងតំបន់ជុំវិញ ក្រោមការណែនាំ និងចង្អុលបង្ហាញពីសំណាក់ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។

 នាថ្ងៃទី០៨ និង០៩ ខែកក្កដា ឆ្នាំ២០២៣ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានសហការជាមួយនឹងក្រុមសាស្ត្រាចារ្យវេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេស និងក្រុមការងារពីបណ្តាមន្ទីរពេទ្យថ្នាក់ជាតិរួមមាន៖ មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន (ព្រះកុសុមៈ), មន្ទីរពេទ្យព្រះកេតុមាលា, គ្លីនិកក្តីសង្ឃឹមនៃយេរេមា រួមមានសាស្ត្រាចារ្យវេជ្ជបណ្ឌិត ព្រាប ឡី, សាស្ត្រាចារ្យវេជ្ជបណ្ឌិត ប៊ូ សុភាព, វេជ្ជបណ្ឌិតឯកទេស លាភ សុវណ្ណ, វេជ្ជបណ្ឌិតឯកទេស ជិន សៅលី, វេជ្ជបណ្ឌិតឯកទេស ផៃ សុភា និងក្រុមការងារពាក់ព័ន្ធមួយចំនួនទៀត។

ដែលរៀបចំដឹកនាំ និងសម្របសម្រួលការងារដោយ វេជ្ជបណ្ឌិតឯកទេស គឺ គឹមសាត បានចុះធ្វើការវះកាត់ដល់អ្នកជំងឺបានចំនួន ១៣ករណី ដោយឥតគិតថ្លៃ លើប្រភេទជំងឺរួមមាន៖ វះកាត់ក្លនលូនដោយប្រើសំណាញ់  ៤ករណី, វះកាត់ដុំពកកក្រពេញទីរ៉ូអីត ១ករណី, វះកាត់ដុំពកក្រពេញទឹកមាត់ ១ករណី, វះកាត់អាប់សែសាច់ដុំភ្លៅ ដែលមានមេរោគចូលឈាម ១ករណី, វះកាត់ស្រុតផ្លោកនោម ១ករណី, វះកាត់គីសដៃស្បូន ១ករណី, វះកាត់ដុំនៅតំបន់ទ្វាមាស ១ករណី, វះកាត់ឫសដូងបាត មានការធ្លាក់ឈាម ១ករណី, វះកាត់ដុំខ្លាញ់ធំនៅស្មា ១ករណី និងវះកាត់ អាប់សែ នៅចំហៀងក ១ករណី

នាថ្ងៃនេះដដែលក្រុមសាស្ត្រាចារ្យវេជ្ជបណ្ឌិតឯកទេសវះកាត់ឆ្អឹង AO Fundation ដឹកនាំដោយសាស្ត្រាចារ្យ ស៊ិន តួផុត បានចុះមកពិនិត្យ វាយតម្លៃអគារមន្ទីរពេទ្យ បន្ទប់វះកាត់ និងសម្ភារវះកាត់ឆ្អឹង ដើម្បីរៀបចំ និងអនុវត្តផែនការចុះជួយវះកាត់ និងបណ្តុះបណ្តាលផ្នែក ឆ្អឹងបាក់បែក ដើម្បីទទួលសេវាព្យាបាល និងវះកាត់ឆ្អឹងបាក់បែកនាពេលដ៏ខ្លីខាងមុខផងដែរ។

សូមជម្រាបថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារនេះ ធំស្កឹមស្កៃមានអាគារធំៗចំនួន២ និងមានធនធានគ្រូពេទ្យជំនាញៗ មានបរិក្ខារទំនើបចុងក្រោយដូចជាម៉ាស៊ីន Ct Scan, ម៉ាស៊ីនX-Ray ឌីជីថល, ម៉ាស៊ីនអេកូសាស្ត្រជាដើម បំពាក់ដោយបរិក្ខារទំនើបៗ។

មន្ទីរពេទ្យនេះ គឹជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលបម្រើសេវាដោយយកចិត្តទុកដាក់ផ្ដល់ភាពកក់ក្តៅ ក្តីសង្ឃឹមជូនប្រជាពលរដ្ឋក្នុងស្រុក និងគ្រប់មជ្ឍដ្ឋាន៕