(កណ្តាល)៖ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកមុខកំពូល និងជាបេក្ខជន តំណាងរាស្រ្តមណ្ឌល ខេត្តកណ្តាល បានបន្តចុះជួបសកម្មជន និងសមាជិក សមាជិកា គណបក្សនៅក្នុងឃុំព្រែកអញ្ជាញ និងឃុំសំបូរមាស ស្រុកមុខកំពូល នៅថ្ងៃទី៨ និងថ្ងៃទី៩ នៃយុទ្ធនាការឃោសនាបោះឆ្នោត ស្វែងរកសម្លេងឆ្នោត។

លោក វង្សី វិស្សុត បានផ្តល់ការណែនាំដល់ក្រុមការងារ និង សកម្មជន គណបក្សបន្តសកម្មភាព ចុះបង្រៀនការគូសសន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវ តាមការកំណត់របស់ គ.ជ.ប និង ត្រូវបង្កើន ការយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ឱ្យខាងតែបាន ចំពោះក្រុមជនទុច្ចរិត ដែលបន្លំខ្លួនជាមនុស្ស របស់គណបក្សប្រជាជន ហើយទៅណែនាំប្រជាជន ឱ្យគូសសន្លឹកឆ្នោតខុស។

លោក វង្សី វិស្សុត បានសំដែងនូវអំណរគុណដល់សកម្មជន និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងឃុំព្រែកអញ្ជាញ និងឃុំសំបូរមាស ដែលតែងបាន ផ្តល់ការគាំទ្រ ហើយនឹងបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត ដើម្បីថែរក្សាសន្តិភាព, ឯកភាពជាតិ, ឯករាជ្យភាព, អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងសមិទ្ធផលនានា ឱ្យបានគង់វង្ស ក៏ដូចជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែជឿនលឿន និងបន្តរីកចម្រើនលូតលាស់ទៅមុខ ឱ្យស្មើមុខស្មើមាត់ ដូចប្រទេសនានាក្នុងតំបន់ និងពិភពលោក ពោលគឺសំដៅក្លាយជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក វង្សី វិស្សុត បានអំពាវនាវដល់សមាជិកសមាជិកាគណបក្សទាំងអស់ សូមនាំគ្រួសារ,បងប្អូន និងញាតិមិត្ត អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជា មានលេខរៀងទី១៨ ដែលមានរូបសញ្ញាទេវតាបាចផ្កា ដើម្បីសន្ដិភាព, ស្ថេរភាព និង ការអភិវឌ្ឍ ព្រមទាំង ដើម្បីលើកតម្កើងជីវភាពខ្លួនឯង៕