(ភ្នំពេញ)៖ លោកបណ្ឌិត ច័ន្ទ រ័ត្ន ប្រធានមជ្ឈមណ្ឌមស្រាវជ្រាវគរុណកោសល្យជំនាន់ថ្មី របស់ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជា បានលើកឡើងថា កម្មវិធីប្រឡងគណិតវិទ្យា បានចូលរួមពង្រឹងសមត្ថភាពសិស្ស ព្រមទាំងពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការរៀន។

ការលើកឡើងបែ​បនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ច័ន្ទ រ័ត្ន អញ្ជើញចូលរួមក្នុងកម្មវិធី ប្រកួតប្រជែងគណិតវិទ្យា វិទ្យាសាស្ត្រថ្នាក់ជាតិ និងអន្តរជាតិ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលស្រាវជ្រាវគរុណគោសល្យជំនាន់ថ្មី និងតាមរយៈសហគមន៍អ្នកគណិតវិទ្យាកម្ពុជា នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣។

កម្មវិធីនេះ មានសិស្សានុសិស្សជាង៣ពាន់នាក់ ចូលរួមប្រកួតប្រជែង រហូតឈានដល់ពិធីប្រគល់មេដាយ រង្វាន់ និងប្រកាសនីយបត្រជូនដល់ជ័យលាភី ដែលមានការអញ្ជើញចូលរួមប្រគល់ជ័យលាភី ដោយលោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

លោកបណ្ឌិត ច័ន្ទ រ័ត្ន បានឲ្យដឹងថា កម្មវិធីប្រឡងខាងលើនេះ មានសិស្សរៀននៅសាលារដ្ឋ និងឯកជនទូទំាងប្រទេស ដែលបានចូលរួមប្រកួត ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងសិស្ស ដើម្បីធ្វើយ៉ាងណា ឲ្យសម្រេចតាមចក្ខុវិស័យវែងឆ្ងាយរបស់ក្រសួងអប់រំ។

លោកបន្ដថា ការប្រឡងនេះ ត្រូវចែកជា២វិញ្ញាសា ដោយវិញ្ញាសាទី១សិស្សត្រូវប្រើម៉ាស៊ីនគិតលេខវិទ្យសាស្ត្រ ( Scientific Calculator ) ដោយសិស្សត្រូវប្រកួតផ្ទាល់ ហើយវិញ្ញាសាមួយទៀត គឺគណិតវិទ្យាអន្តរជាតិ (Caribou Contests) ដោយសិស្សត្រូវប្រកួតតាមប្រព័ន្ធអនឡាញ។

ជាលទ្ធផល គឺសិស្សានុសិស្សធ្វើបានល្អ ដែលលទ្ធផលបញ្ជាក់ថា សិស្សានុសិស្សរបស់កម្ពុជា មានចំណេះដឹងខ្ពស់ មិនចាញ់សិស្សានុសិស្សក្រៅប្រទេសឡើយ ហើយទំាងអស់នេះគឺជាការសិក្សាបែប Stem ដើម្បីឈានទៅរកការសិក្សាបែបឌីជីថលយ៉ាងពិតប្រាកដ។ នេះជាការបញ្ជាក់បន្ថែម របស់លោកបណ្ឌិត ច័ន្ទ រ័ត្ន។

លោកបណ្ឌិត ច័ន្ទ រ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចការប្រឡងនេះ រៀបចំឡើងក្នុងគោលបំណង ចូលរួមពង្រឹងសមត្ថភាពសិស្ស ព្រមទាំងពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការរៀន បង្រៀន និងការសិក្សាស្រាវជ្រាវ លើការអប់រំគណិតវិទ្យានៅកម្ពុជា ដើម្បីកសាងធនធានមនុស្ស ដែលមានសក្តានុពលម្រាប់ប្រទេសជាតិ និងជាអ្នកដឹកនាំវ័យក្មេងនាពេលអនាគត»។

ជាពិសេស ឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នាឆ្នាំ២០៣០ ប្រជាជនកម្ពុជា មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ មានប្រាក់ចំណូលខ្ពស់។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោកបណ្ឌិត ច័ន្ទ រ័ត្ន។

បន្ថែមពីនោះទៀត លោកបណ្ឌិត ច័ន្ទ រ័ត្ន បានឲ្យដឹងផងដែរថា ការមានសមត្ថភាពពូកែលើមុខវិជ្ជាគណិតវិទ្យា តែមួយមុខមិនគ្រប់គ្រាន់ទេ ដើម្បីក្លាយជាពលរដ្ឋពេញលេញ ពលរដ្ឋសាកល ត្រូវមានសុខភាពល្អ មានសុជីវធម៌ សីលធម៌ គុណធម៌ថែមទៀតផង។

លោកបន្ដថា ដើម្បីសម្រេចគោលដៅនេះ សហគមន៍អ្នកគណិតវិទ្យាកម្ពុជា មានគម្រោងរៀបចំការបោះជំរុំរួមគ្នារយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២ និងទី២ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ នៅរមនិយដ្ឋាន ភូមិសុខារ៉ាវី ដើម្បីជួយបណ្តុះជំនាញទន់ មានទំនាក់ទំនង ការសហការ ការរៀនដោះស្រាយបញ្ហា ការឆ្នៃប្រឌិតបង្កើតថ្មី ព្រមទាំងការយល់ដឹងអំពីសុខភាព សុជីវធម៌ សិលធម៌ និងគុណធម៌ផង។

សូមបញ្ជាក់ថា ការប្រកួតប្រជែងគណិតវិទ្យាវិទ្យាសាស្ត្រថ្នាក់ជាតិ និងអន្តរជាតិ ត្រូវបានខកខាន ពុំបានរៀបចំអស់រយៈពេល៣ឆ្នាំមកហើយ ដោយសារវិបត្តិកូវីដ ហើយកម្មវិធីនេះ មានទំាងថ្នាក់ជាតិ និងអន្តរជាតិ ដែលថ្នាក់អន្តរជាតិម្តងៗ មានសិស្សានុសិស្សចូលរួមប្រកួត មានរាប់ម៉ឺននាក់ទូទំាងពិភពិលោក៕