(កំពង់ចាម)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកកងមាស និងជាបេក្ខជនតំណាងរាស្រ្តមណ្ឌលកំពង់ចាម បានលើកឡើងថា សន្លឹកឆ្នោតមួយសន្លឹកដែលប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា គឺដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍ និងអនាគតកូនចៅ ជំនាន់ក្រោយរបស់កម្ពុជា។

ការលើកឡើងរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ ក្នុងឱកាសបន្ដជួបសំណេះសំណាល សួរសុខទុក្ខ និងបង្រៀនគូសសន្លឹកឆ្នោតដល់ប្រជាពលរដ្ឋ សមាជិក សមាជិកាគណបក្ស ប្រមាណ៨,០០០នាក់ នៅក្នុងឃុំកងតាណឹង និងឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោកបានរំឮកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបាននាំមកនូវសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើននៅទូទាំងប្រទេស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ភ្លើងអគ្គិសនី កសិដ្ឋាន សំណង់តូចធំ តំបន់សេដ្ឋកិច្ចពិសេស នានា ដែលជាសក្ខីភាពមួយបង្ហាញថា កម្ពុជាបាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ ប្រកបដោយក្តីសង្ឃឹមជឿជាក់ តាមរយៈការចូលរួមរបស់ប្រជាជនកម្ពុជាគ្រប់ៗគ្នា។

លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ឲ្យបានគ្រប់ៗគ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» មានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងសូមគូសលើ សន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃ នៃសន្លឹកឆ្នោតស្របតាមទិសស្លោក សន្លឹកឆ្នោត មួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសំឡេង គឺដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍ និងអនាគតកូនចៅជំនាន់ក្រោយ។

ជាមួយនឹងសំឡេងជ័យឃោសដ៏ក្លៀវក្លា ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជា បានប្រកាសប្ដេជ្ញាគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងលោក បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្តវេននាពេលអនាគត ដើម្បីបន្តដឹកនាំនាវាកម្ពុជា ក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ៕