(ត្បូងឃ្មុំ)៖ លោក ផារ៉ា មង្គល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំជំនីក នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ប្រមាណជិត ២,០០០នាក់ ដង្ហែក្បួនឃោសនារកសំឡេងឆ្នោតក្នុងឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមធ្យោបាយម៉ូតូប្រមណ៥០០គ្រឿង និងរថយន្តតូច-ធំ ចំនួនជាង៧០គ្រឿង។

សម្រាប់ថ្ងៃនេះ ជាថ្ងៃទី០៩ហើយ បន្ទាប់ការបើកនូវយុទ្ធនាការឃោសនារកសំឡេងឆ្នោត កាលពីថ្ងៃទី ០១ ខែកក្កដា កន្លងទៅ ក្នុងខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោក ជា សុផារ៉ា សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្ស និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នៃរដ្ឋសភា ឆ្នាំ២០២៣។

លោក ផារ៉ា មង្គល បានបញ្ជាក់ថា ការជួបជុំគ្នាដង្ហែក្បួនឃោសនារកសំឡេងឆ្នោតនៅពេលនេះ គឺបានបង្ហាញអំពីការរួមគ្នាជាកម្លាំងសាមគ្គីធ្លុងមួយ ដែលកើតចេញពីក្តីស្រលាញ់ពេញក្រអៅបេះដូងរបស់សមាជិក សមាជិកាបក្ស និងស្ដែងឱ្យឃើញនូវឧត្ដមភាព កិត្យានុភាព និងទឹកចិត្តស្រឡាញ់គាំទ្រ ចំពោះគណបក្សប្រជាជនកម្ពុជារបស់សមាជិក សមាជិកាទាំងអស់។  ម្យ៉ាងទៀត ការដង្ហែនេះ ក៏បង្ហាញដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកពាក់ព័ន្ធនានាឱ្យបានឃើញច្បាស់អំពីកម្លាំងមហាសាមគ្គីភាពរបស់គណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យដ៏ត្រចះត្រចង់គ្រប់ៗអាណត្តិ គឺកើតចេញពីការគាំទ្រដោយឥតងាករេរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់យើងនៅក្នុងថ្ងៃនេះ។

ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ ក៏បានប្រកាសគាំទ្រនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងការដឹកនាំដ៏ត្រឹមត្រូវរបស់តេជោ ហ៊ុន សែន ដើម្បីសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។ សូមប្រកាសជាឱឡារិកនៅចំពោះមុខសមាជិក សមាជិកាគណបក្សជិត ២០០០នាក់ គាំទ្រសម្តេច ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។

ជាមួយគ្នានោះ លោក ផារ៉ា មង្គល ក៏បានអំពាវនាវដល់សមាជិក សមាជិកាទាំងអស់ ដែលចូលរួមដង្ហែក្បួន ចាំបាច់ត្រូវគោរពឱ្យបានសមស្របទៅតាមលក្ខន្តិកៈ របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ដែលបានណែនាំ ជាពិសេសសូមរក្សានូវភាពថ្លៃថ្នូរ និងការគោរពទៅតាមច្បាប់ដែលបានកំណត់ ជៀសវាងការកើតនូវអំពើហិង្សាណាមួយ ដែលធ្វើឲ្យប៉ះពាល់កិត្តិយសដល់គណបក្សប្រជាជនកម្ពុជា៕