(កណ្តាល)៖ បណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជនស្រុកខ្សាច់កណ្ដាល នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៧ នៅតាមផ្លូវគោលដៅ ដែលបានកំណត់ និងជួបជាមួយសមាជិកគណបក្ស តាមមណ្ឌលសកម្មភាពគ្រប់ឃុំទាំងអស់ នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានសមាជិកយុវជន ចូលរួមដង្ហែក្បួនប្រមាណជាង ១២០០នាក់។
ជាមួយនឹងសំឡេងជ័យឃោសដ៏ក្លៀវក្លា លោកបណ្ឌិត កៅ ថាច ព្រមទាំងសមាជិក សមាជិកាបក្សទាំងអស់ បានប្រកាសប្ដេជ្ញាគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្តវេននាពេលអនាគត ដើម្បីបន្តដឹកនាំនាវាកម្ពុជា ក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕