(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចាប់ផ្ដើមលក់ពាក្យសុំចូលពិគ្រោះថ្លៃលក់ឈើ និងកូនឈើ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែសីហា ខាងមុខនេះ និងទទួលពាក្យនៅថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៨ ខែសីហា ដែលមានទីតាំងនៅទីស្ដីការក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី២៥ ខែកក្កដា ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៨នេះបានឲ្យដឹងថា អនុគណៈកម្មការ នឹងដេញថ្លៃលក់ឈើ និងកូនឈើ នឹងចាត់ចែងការពិគ្រោះថ្លៃលក់ឈើ ដែលគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើចាប់បាន និងកំពុងថែរក្សានៅក្នុងខេត្ដមណ្ឌលគិរី, រតនគិរី, ក្រចេះ និងខេត្ដត្បូងឃ្មុំ ហើយការពិគ្រោះថ្លៃលក់ឈើ និងកូនឈើនេះ គឺអាចចូលរួមបានទាំងអស់ ដោយគ្រាន់តែមកទិញពាក្យ នៅក្រសួងបរិសា្ថន និងរដ្ឋបាលព្រៃឈើ ប៉ុន្ដែសម្រាប់អ្នកធ្លាប់មានប្រវត្ដិប្រព្រឹត្ដបទល្មើសព្រៃឈើ និងអ្នកជាប់ជំពាក់បំណុលរដ្ឋ អាចដាក់ពាក្យសុំចូលពិគ្រោះថ្លៃបាន ដោយត្រូវបំពេញសំណុំបែបបទ និងលក្ខខណ្ឌ ដែលបានចែងក្នុងសៀវភៅបន្ទុក។
គួរបញ្ជាក់ថា ស្ថាប័នពាក់ព័ន្ធ រួមទាំងអង្គភាពប្រឆាំងអំពើពុករលួយ ក៏អាចចូលរួមសង្កេតការណ៍ គ្រប់ដំណាក់កាលដេញថ្លៃ ឬពិគ្រោះថ្លៃលក់ឈើ និងកូនឈើបានផងដែរ៕