(ភ្នំពេញ)៖ ក្រោមកិច្ចសហប្រតិបត្តិការរវាងសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់នៅកម្ពុជា និងក្រុមហ៊ុន AFR solution Co., Ltd. ជាក្រុមហ៊ុនលក់ប្រព័ន្ទ Software ឡូជីស្ទុីក បានរៀបចំពិធីជំនួបរវាងម្ចាស់អាជីវកម្ម នាំចេញ នាំចូល ដឹកជញ្ជូន ឡូជីស្ទ៉ីកជាលើកទី៣ របស់ខ្លួន នៅរាជធានីភ្នំពេញ។

ជំនួបដែលត្រូវបានធ្វើឡើង នៅថ្ងៃទី៨ ខែកក្កដាម្សិលមិញ ក្នុងគោលបំណងបង្កើតឲ្យមានកិច្ចសហការគ្នារវាង ម្ចាស់អាជីវកម្មនាំចេញនាំចូល និងក្រុមហ៊ុនដឹកជញ្ជូន និងការទំនាក់ទំនងគ្នារវាងអាជីវកម្មដឹកជញ្ជូនដូចគ្នា ដើម្បីបំពេញចន្លោះនៃសេវាកម្ម។

ក្នុងនោះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានលើកអំពីការបង្កើតសមាគមនេះឡើង គឺ ក្នុងគោលបំណង ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សមាគមក៏បានធ្វើបទបង្ហាញអំពីកិច្ចសហប្រតិបត្តិការដៃគូជាតិ និងអន្តរជាតិ រួមទាំងលើកឡើងអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាល មានដូចជា ផ្លូវល្បឿនលឿន ផែរណបពហុបំណង គំរោងជីកព្រែកហ្វូណន រទេះភ្លើង និងផ្លូវផ្សេងៗទៀតដើម្បីជាមធ្យោបាយងាយស្រួលក្នុងការដឹកជញ្ជូនឆាប់រហ័ស និងកាត់បន្ថយតម្លៃដឹកជញ្ជូន។

លោកបានបន្ថែមទៀតថា បើទោះបីជាវិបត្តិសេដ្ឋកិច្ចសកលដែលកំពុងប្រឈមយ៉ាងក្តី ក៏រាជរដ្ឋាភិបាលខិតខំជំរុញឱ្យមានការវិនិយោគលើវិស័យកសិកម្ម និងឈានទៅដល់ការកែច្នៃ កសិ-ឧស្សាហកម្មដើម្បីផ្គត់ផ្គង់ក្នុងស្រុកក៏ដូចជានាំចេញទៅក្រៅប្រទេសនាពេលអនាគតផងដែរ៕