(កំពង់ធំ)៖ លោក ឃឹង នុភាព ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តចុះផ្សព្វផ្សាយគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោត ដល់ប្រជាពលរដ្ឋ ៤ភូមិចំនួន ៥៣២នាក់ ក្នុងឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះដែរលោក ឃឹង នុភាព បានសំដែងសេចក្តីភាពរីករាយជាទីបំផុត និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់ក្រុមការងារចុះមូលដ្ឋានឃុំនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានមកជួបជុំគ្នាថ្ងៃនេះ ដើម្បីគាំទ្រគោលនយោបាយ និងគោរពស្រឡាញ់ចំពោះគណបក្សប្រជាជនកម្ពុជា។

លោកបានលើកឡើងថា គោលបំណងក្នុងការចុះសួរសុខទុក្ខប្រជាពលរដ្ឋ​ និងផ្សព្វផ្សាយពីគោលនយោបាយបក្សប្រជាជន​ និងបង្រៀនសមាជិកបក្សនូវរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ​ គឺដើម្បីជៀសវាងការគូសខុស ដែលធ្វើឱ្យសន្លឹកឆ្នោតមិនអាចយកជាការបាន។

លោក ឃឹង នុភាព បានបន្តថា ក្នុងការចុះបង្រៀននូវរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ​ហើយនេះជាកិច្ចការដែលគ្រប់គណបក្សនយោបាយអាចធ្វេីបានក្នុងអំឡុងពេលចុះឃោសនារកសម្លេងឆ្នោតផងដែរ។

លោកក៏បានធ្វើការក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្រុមបក្ស ក៏ដូចជាក្រុមការងារទាំងអស់ ត្រូវធ្វើការពន្យល់ដល់សមាជិករបស់ខ្លួនកុំឱ្យចាញ់នូវពាក្យឃោសនាអកុសលរបស់ជនអកតិមួយចំនួនដែលតែងតែបង្ហោញនៅតាមបណ្តាញសង្គម ក្នុងគោលបំណងឱ្យមានចលាចលនៅក្នុងសង្គមតែប៉ុណ្ណោះ។

ជាមួយនេះដែរលោក ឃឹង នុភាព បានក្រើនរំលឹកដល់សមាជិក សមាជិកា ត្រូវចូលរួមជំរុញដល់សមាជិកក្រុមគ្រួសារ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗ៕