(កណ្ដាល)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតលើកទី២នៅតាមបណ្តាឃុំនានា ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ 

ដំណើរអញ្ជើញមកដល់ឃុំបន្ទាយដែក របស់លោកបណ្ឌិត គុណ ញឹម ត្រូវបានទទួលស្វាគមន៍ដោយលោក ផា អេងវ៉េង អនុប្រធានទី៣ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបន្ទាយដែក ព្រមទាំងសមាជិក សមាជិកាគណបក្សប្រមាណ ៤០០នាក់។

ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិតបានចុះជួបសំណេះសំណាល និងពិនិត្យមណ្ឌលសកម្មភាពបក្សឃុំបន្ទាយដែក ព្រមទាំងបានក្រើនរំលឹកដល់សមាជិក សមាជិកាបក្សទាំងអស់ឱ្យត្រៀមឯកសារសម្រាប់បោះឆ្នោត បង្កើនការផ្សព្វផ្សាយគោលនយោបាយបក្ស និងបង្រៀនគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវដល់ប្រជាពលរដ្ឋ អាជីវករលក់ដូរតាមផ្សារ បុគ្គលិកក្រុមហ៊ុននានានៅមូលដ្ឋានឃុំបន្ទាយដែក។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់ ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ៕