(ភ្នំពេញ)៖ ព្រះអង្គវិរិយធម្មោ ហាន ធានី ជាព្រះគ្រូចៅអធិការវត្តប្រយុទ្ធ ជាព្រះសមុហ៍គណខេត្តព្រះវិហារ និងជាកម្មសិក្សាការីមន្រ្តីជាន់នៃសាលាភូមិរដ្ឋបាល នឹងរៀចំដង្ហែទៀនព្រះវស្សាឆ្ពោះទៅកាន់វត្តពោធិ៍ព្រឹក្ស ហៅវត្តចំរើន ស្ថតិនៅភូមិចំរើន ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។

ពិធីដង្ហែទៀនព្រះវស្សានេះនឹងប្រារព្ធធ្វើនៅថ្ងៃចន្ទ ៧កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ នៅវត្តពោធិព្រឹក ហោវត្តចំរើន។

ដោយវត្តស្ថិតនៅឆ្ងាយពីទីរួមខេត្ត និងឆ្ងាយពីរួមស្រុកដាច់ស្រយាល និងជាវត្តស្រុកកំណើតព្រះអង្គផង លោកក៏បានផ្តួចផ្តើមកម្មវិធីបុណ្យនេះឡើងដើម្បីជាវនូវទេយ្យទាន មានស្បង់ចីវរ ទៀនវស្សា និងគ្រឿងឧបភោគបរិភាគផ្សេងជាពិសេស គឺដើម្បីប្រមូលថវិការដើម្បីកសាងកុដិប្រគេនព្រះសង្ឃដែលគង់នៅទីអារាមនេះដែរ។

ព្រះអង្គវិរិយធម្មោ ហាន ធានី មានសង្ឃដីកាថា កុដិនេះព្រះអង្គបានដឹកនាំកសាងតាំងពីឆ្នាំ២០២២ មកម្លេះរហូតមកដល់ពេលនេះកសាងបាន ៣០% ហើយដោយចំណាយអស់ថវិការចំនួន ៧០០០ដុល្លារ ប៉ុន្តែខ្វះថវិកាដើម្បីបន្តទៀត និងបានផ្អាក់ការកសាងមួយរយៈ។

តាមសង្ឃដីការគ្រូចៅអធិការវត្តនេះផ្ទាល់ បច្ចុប្បន្ននេះព្រះអង្គនៅលើសាលាឆាន់ជាបណ្តោះអាសន្ន គ្មានកុដិគង់នៅនោះទេ។

ព្រះអង្គគ្រូវិរិយធម្មោ ហាន ធានី ព្រះអង្គ ក៏សូមអំពាវដល់ថ្នាក់ដឹកនាំស្រុកខេត្តគ្រប់លំដាប់ថ្នាក់ និងសប្បុរសជនជិតឆ្ងាយមេត្តាចូលបុណ្យ និងបរិច្ចាថវិកាជួយដល់វត្តដ៏កំសត់នេះផង និងអញ្ជើញចូលរួមបុណ្យខាងមុខនេះ តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។ សម្រាប់លេខទំនាក់ទំនងចូលបុណ្យបុណ្យ៖ 031 88 51 188៕