(កណ្តាល)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា, អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ អញ្ជើញជួបសំណេះសំណាលជាមួយយុវជនសមាជិក សមាជិកគណបក្សចំនួន៤០០នាក់ និងហែក្បួនឃោសនារកសំឡេងឆ្នោតនៅមូលដ្ឋានស្រុកស្អាង។
នាឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកស្អាងទាំងអស់ ជាពិសេសសមាជិក សមាជិកាគណបក្សដែលបានចូលរួមនៅថ្ងៃនេះ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសំដែងនូវសេចក្តីរីករាយ ចំពោះសកម្មជនគណបក្សប្រជាជនកម្ពុជា ដែលគឺជាអ្នកស្មោះស្ម័គ្របំផុត សកម្មបំផុត មុះមុតអង់អាច និងក្លាហានបំផុតរបស់គណបក្សប្រជាជន។
ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការដង្ហែក្បួនថ្ងៃនេះគឺជាការដង្ហែក្បួនធំ បន្ទាប់ពីការបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងស្រុកស្អាង កាលពីថ្ងៃទី០១ កក្កដា កន្លងមកនេះ និងជាឱកាសបង្ហាញពីសមាជិកភាព ក៏ដូចជាកំលាំងរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឆ្ពោះទៅរកភាពជោគជ័យសាជាថ្មី ដោយសារតែសមាជិកបក្សបានសំដែងនូវការជឿជាក់លើការដឹកនាំ និងលើអ្វីដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានកន្លងមក។ ពីមួយថ្ងៃទៅមួយថ្ងៃ គណបក្សប្រជាជនកម្ពុជាគឺកាន់តែរឹងមាំ ដោយសារការជឿទុកចិត្ត និងការកើនឡើងនូវចំនួនសមាជិក សមាជិកាបក្ស និងសកម្មជនគណបក្ស។
បន្ថែមពីនេះឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានលើកឡើងថា ជានិច្ចកាលគណបក្សប្រជាជនតែងតែខិតខំប្រឹងប្រែង ដោយសារសមាជិក សមាជិកា និងសកម្មជនគណបក្សមានឈាមជ័រជាអ្នកបម្រើប្រជាជន និងប្រទេសជាតិ រក្សានូវសន្តិភាព ឯកភាពជាតិ សាមគ្គីភាព លទ្ធិប្រជាធិបតេយ្យ ស្ថិរភាព និងការអភិវឌ្ឍ។
ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាគឺ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយសារគណបក្សប្រជាជនកម្ពុជាមានគោលនយោបាយល្អបំផុត និងបានសម្រេចនូវសមិទ្ធផលធំៗជាច្រើន សម្រាប់លើកកំពស់ជីវភាពប្រជាពលរដ្ឋ និងការអភវិឌ្ឍប្រទេសជាតិយើង។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញា នៅលេខរៀងទី១៨ ដើម្បីបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត និងដើម្បីជ្រើសរើសមេដឹកនាំដែលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ និងរក្សាបាននូវសុខសន្តិភាព។
ក្រោយពីបញ្ចប់កម្មវិធីខាងលើ ឧបនាយករដ្ឋមន្ត្រី បានបន្តដំណើរអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស នៅតាមមណ្ឌលសកម្មភាពបក្ស នៅក្នុងភូមិចំនួន៦ នៃឃុំកោះខែល ស្រុកស្អាង គឺភូមិព្រែកប៉ាង, ភូមិដើមព្រីង, ភូមិព្រែកកែវ, ភូមិកោះខែល, ភូមិទេពអរជូន និងភូមិស្វាយជួរ៕