(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ហេង សុខគង់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងភរិយា ព្រមទាំងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកាត់ភ្លុក និងឃុំភក្តី បានដឹកនាំដង្ហែក្បួនឃោសនារកសម្លេងឆ្នោត ដោយមានសកម្មជនយុវជន និងសមាជិក សមាជិកា សាខាបក្សបក្សភូមិ និងគណៈកម្មាធិការបក្សឃុំចូលរួមប្រមាណជាង៥០០នាក់។
បន្ទាប់ពីការដង្ហែតាមបណ្តាភូមិនានាទូទាំងឃុំរួចមក ក្បួនដង្ហែក៏បានមកជួបជុំគ្នានៅវិមាន នៃការចងចាំ ជាទីតាំងអតីតមន្ទីរឃុំឃាំងសម័យ ប៉ុល ពត ដែលមានឈ្មោះថា ម៤០១ ឬទំនប់អាភាព ហើយត្រូវបានផ្តួចផ្តើមកសាងជាវិមាន នៃការចងចាំសម្រាប់ប្រជាពលរដ្ឋមកគោរពសក្ការៈដល់វិញ្ញាណក្ខន្ធញាតិសន្តាន ដែលបានបាត់បង់ជីវិតនៅទីនេះ ដោយលោក ហ៊ុន ម៉ានី និងលោកស្រី។
លោកបណ្ឌិត ហេង សុខគង់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ និងសមាជិក សមាជិកាទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការរយៈពេល៩ថ្ងៃកន្លងមក ហើយបានស្នើឲ្យសកម្មជន និងសមាជិក សមាជិកាទាំងអស់ បន្តដើរតួនាទីយ៉ាងសកម្មក្នុងការផ្សព្វផ្សាយនូវគោលនយោបាយរបស់គណបក្ស ឲ្យដល់ប្រជាពលរដ្ឋគ្រប់ភូមិ ឃុំទាំងអស់ ជាពិសេសគោលនយោបាយ៦ចំណុចចុងក្រោយ ដែលបានដាក់ចុះដោយសម្តេចតេជោ ប្រធានគណបក្ស។
ជាមួយគ្នានេះ លោកបណ្ឌិតបានបញ្ជាក់ថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បីសន្តិភាព និងការអភិវឌ្ឍ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីអនាគតខ្លួនយើង និងអនាគតកូនចៅយើងតទៅមុខទៀត។
អង្គពិធីបានបន្តដោយការច្រៀងរាំកម្សាន្ដ ជាមួយបទចម្រៀងដែលមានអត្ថន័យ គាំទ្រគណបក្ស ជាពិសេសបទចម្រៀងមួយបទ ក្រោមចំណងជើងថា «កំពង់ស្ពឺសម័យសម្តេចតេជោ» ដែលនិពន្ធ និងច្រៀងដោយផ្ទាល់ដោយលោកបណ្ឌិត ហេង សុខគង់៕