(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួនជាង២,០០០នាក់ ចូលរួមហែក្បួនឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ លើកទី២ នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមាជិក សមាជិកាដែលពាក់អាវ និងមួកមានស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា អមដោយទង់ជាតិនៃកម្ពុជា និងទង់បក្សប្រជាជនកម្ពុជា មានទឹកមុខសប្បាយរីករាយ ពេញចិត្ត និងពោរពេញដោយជំនឿទុកចិត្ត និងក្តីសង្ឃឹមចំពោះអនាគតរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បានផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការពារ និងកសាងមាតុភូមិឆ្នាំ២០២៣-២០២៨ រួមនឹងសមិទ្ធផលសំខាន់ៗជាច្រើន ដែលគណបក្សប្រជាជនកម្ពុជា សម្រេចបានជូនជាតិ និងប្រជាជនកម្ពុជា។
នាឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានស្នើដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមក្នុងយុទ្ធនាការឃោសនានេះ ឲ្យបានសកម្មបំផុត ដើម្បីបង្ហាញពីកម្លាំង នៃសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំរបស់គណបក្សយើង ដោយប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូរ និងសីលធម៌ ដ៏ល្អប្រសើរ។
លោកបណ្ឌិតបានអំពាវនាវឲ្យប្រជាពលរដ្ទទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាច់ផ្កា» មានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងសូមគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃ នៃសន្លឹកឆ្នោតស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង គឺដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍ និងអនាគតកូនចៅជំនាន់ក្រោយ។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕