(ព្រះវិហារ)៖ លោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅស្រុករវៀង ដែលមានសមាជិក សមាជិកាចូលរួមប្រមាណ ១,៥០០នាក់។

ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតលើកទី២នាពេលនេះ មានការចូលរួមពីលោកស្រី ចឹក ហេង សមាជិកព្រឹទ្ធសភា លោក ឡុង សុវណ្ណ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ លោក គីម រិទ្ធី អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងបេក្ខជនតំណាងរាស្ត្របម្រុងមណ្ឌលព្រះវិហារទាំង៦រូប ថ្នាក់ដឹកនាំគណបក្សខេត្ត ស្រុក ក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុករវៀងជាច្រើនរូបទៀត។

នៅក្នុងឱកាសនេះដែរ លោក មាស សុភា បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងសម្តេចអនុប្រធានគណបក្ស ថ្នាក់ដឹកនាំគណបក្ស ផ្គើជូនសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និយាយដោយឡែកសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទូទាំងស្រុករវៀង នូវសព្ទសាធុការពរជ័យ ដើម្បីគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងនាថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ។

លោក មាស សុភា បានជម្រាបជូនសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅស្រុករវៀង ពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បើគិតមកដល់ថ្ងៃនេះ គឺមានរយៈពេល៧២ឆ្នាំហើយ។ ក្រៅពីបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះប្រជាពលរដ្ឋចេញពីការកាប់សម្លាប់ក្រោមរបប ប៉ុល ពត គណបក្សប្រជាជនកម្ពុជា បាននាំមកនូវសុខសន្តិភាពជូនប្រជាពលរដ្ឋ នាំមកនូវការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យជូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល រហូតមកដល់បច្ខុប្បន្ននេះ។

លោក មាស សុភា ក៏បានអំពាវនាវសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ នៅថ្ងៃអាទិត្យទី២៣ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ដូច្នេះត្រូវពិនិត្យឯកសារ អត្តសញ្ញាណសម្រាប់បម្រើឱ្យការបោះឆ្នោត ឱ្យបានត្រឹមត្រូវ និងទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត។ ត្រូវគៀងគរសាច់ញាតិ និងអ្នកគាំទ្រទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា កុំជឿតាមការញុះញង់ណាមួយរបស់ក្រុមប្រឆាំងដែលឃោសនាមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត៕