(បាត់ដំបង)៖ លោក សួស អង្គារ៍ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកថ្មគោល ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារចុះជួយឃុំអូតាគី និងឃុំតាម៉ឺន នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនសមាជិក សមាជិកាគណបក្សជាង៤០០ខ្នងផ្ទះ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា។

នៅក្នុងឱកាសនោះ លោក សួស អង្គារ៍ និងក្រុមការងារ បានចុះទៅតាមខ្នងផ្ទះសមាជិក សមាជិកាបក្ស និងប្រជាពលរដ្ឋ ដើម្បីបង្ហាត់បង្រៀនអំពីរបៀបគូសនៅលើសន្លឹកឆ្នោតដែលត្រឹមត្រូវ និងបង្ហាញឱ្យអំពីលេខរៀងរបស់គណបក្សប្រជាជនកម្ពុជា គឺលេខរៀងទី១៨ ដែលលេខក្រោយគេស្រួលចំណាំ និងជាលេខល្អរបស់ខ្មែរយើង។

លោកបានលើកឡើងអំពីសមិទ្ធផលរបស់រាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សរំដោះប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយខិតខំស្តារ និងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។

ជាមួយគ្នានេះដែរ លោក សួង អង្គារ៍ បានអំពាវនាវដល់សមាជិក សមាជិកាបក្ស និងប្រជាពលរដ្ឋទាំងអស់ កុំជឿតាមការញុះញង់ខុសច្បាប់របស់ក្រុមប្រឆាំង ដែលចង់ឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត ដែលពួកគេមិនដែលមករួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនោះឡើយ។

លោកក៏បានរំឮកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបាននាំមកនូវភាពរីកចម្រើននៅទូទាំងប្រទេសដោយបាននាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ភ្លើងអគ្គិសនី កសិដ្ឋាន សំណង់តូចធំ តំបន់សេដ្ឋកិច្ចពិសេសនានា ដែលជាសក្ខីភាពមួយបង្ហាញថា កម្ពុជាបាននឹងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ ប្រកបដោយក្តីសង្ឃឹម ជឿជាក់តាមរយៈការចូលរួមរបស់ប្រជាជនកម្ពុជាគ្រប់ៗគ្នា។

លោក សួង អង្គារ៍ បានបន្ថែមថា សមិទ្ធផលទាំងនេះ សុទ្ធតែបានមកពីផ្លែផ្កានៃសន្តិភាព ដោយការយកអាយុជីវិតធ្វើជាដើមទុន និងពលីកម្មដ៏ធំធេងរបស់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។

លើសពីនេះ សូមបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ និងគាំទ្រលោកណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត៕