(កំពត)៖ លោក ពុត ចន្តារិទ្ធ អនុប្រធានក្រុមការងារចុះជួយក្រុងកំពត នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងបង្ហាញអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនសមាជិក សមាជិកា និងប្រជាពលរដ្ឋនៅសង្កាត់ក្រាំងអំពឹល ក្រុងកំពត ខេត្តកំពត។

នៅក្នុងឱកាសនោះ លោក ពុត ចន្តារិទ្ធ និងក្រុមការងារ បានចុះទៅតាមខ្នងផ្ទះសមាជិក សមាជិកាបក្ស និងប្រជាពលរដ្ឋ ដើម្បីបង្ហាត់បង្រៀនអំពីរបៀបគូសនៅលើសន្លឹកឆ្នោតដែលត្រឹមត្រូវ និងបង្ហាញឱ្យអំពីលេខរៀងរបស់គណបក្សប្រជាជនកម្ពុជា គឺលេខរៀងទី១៨ ដែលលេខក្រោយគេស្រួលចំណាំ និងជាលេខល្អរបស់ខ្មែរយើង។

លោក ពុត ចន្តារិទ្ធ បានលើកឡើងអំពីសមិទ្ធផលរបស់រាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សរំដោះប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយខិតខំស្តារ និងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។

លោកក៏បានរំឮកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបាននាំមកនូវភាពរីកចម្រើននៅទូទាំងប្រទេសដោយបាននាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ភ្លើងអគ្គិសនី កសិដ្ឋាន សំណង់តូចធំ តំបន់សេដ្ឋកិច្ចពិសេសនានា ដែលជាសក្ខីភាពមួយបង្ហាញថា កម្ពុជាបាននឹងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ ប្រកបដោយក្តីសង្ឃឹម ជឿជាក់តាមរយៈការចូលរួមរបស់ប្រជាជនកម្ពុជាគ្រប់ៗគ្នា។

លោក ពុត ចន្តារិទ្ធ បានបន្ថែមថា សមិទ្ធផលទាំងនេះ សុទ្ធតែបានមកពីផ្លែផ្កានៃសន្តិភាព ដោយការយកអាយុជីវិតធ្វើជាដើមទុន និងពលីកម្មដ៏ធំធេងរបស់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស៕