(កណ្តាល)៖ លោក សុខ ចិន្តាសោភា ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកអង្គស្នួល និងជាបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មណ្ឌលខេត្តកណ្តាល នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំហែក្បួនឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ តាមរយៈទោចក្រយានយន្ត នៅស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានសមាសភាពចូលរួមពីក្រុមការងារថ្នាក់កណ្តាលនិងថ្នាក់ស្រុក យុវជនគណបក្ស និងកម្មករ កម្មការិនីប្រមាណជិត ១ពាន់នាក់ ដោយបានឆ្លងកាត់ឃុំចំនួន៥ នៃស្រុកអង្គស្នួល ដែលមានទីតាំងស្ថិត នៅភាគខាងត្បូងផ្លូវជាតិលេខ៤ រួមមានឃុំបែកចាន ឃុំក្រាំងម្កាក់ ឃុំពើក ឃុំព្រៃពួច និងឃុំលំហាច។

ក្បួនដង្ហែបានបញ្ចប់នៅសាលាបឋមសិក្សាព្រៃពួច ដោយមានការពិសាអាហារសាមគ្គី និងការរាំកម្សាន្តផងដែរ។

លោក សុខ ចិន្តាសោភា អំពាវនាវដល់ពលរដ្ឋម្ចាស់ឆ្នោត សូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹតទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅក្នុងសន្លឹកឆ្នោត ដើម្បីរួមគ្នារក្សាសុខសន្តិភាព, ជំរុញការអភិវឌ្ឍបន្ថែម និងដើម្បីទទួលបានអត្ថប្រយោជន៍នានា ដែលប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាបេក្ខជននាយករដ្ឋមន្ត្រី។

សមាជិកសមាជិកាបក្សដែលចូលរួមទាំងអស់ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី នីតីកាលទី៧ និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា៕