(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News នៅពេលយប់ បានឲ្យដឹងថា នៅយប់មិញក្នុងរាជធានីភ្នំពេញ យ៉ាងហោចណាស់មានករណី អ្នកបើកបរស្រវឹងស្រា បើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍៣ករណីផ្សេងគ្នា ដែលអ្នកជនបង្កខ្លះជាមួយសមត្ថកិច្ចផងដែរ។
ករណីទី១៖ មន្ត្រីនគរបាលម្នាក់ ដែលមានអាការស្រវឹង បានបើករថយន្តមួយគ្រឿងម៉ាក Highlander ពាក់ស្លាកលេខ នគរបាល 2-4466 បុកម៉ូតូ លក់បាយក្តាំង បណ្តាលឲ្យរងការខូចខាត និងម្ចាស់ម៉ូតូរងរបួសស្រាល តាំងពីម្តុំវិទ្យាល័យព្រះស៉ីសុវត្ថិ ក្នុងខណ្ឌដូនពេញ ហើយព្យាយាមបើករត់ មកដល់ខណ្ឌចំការមន ទើបសមត្ថកិច្ចដេញចាប់បាន។
ហើយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៌ ដែលបង្កឡើងដោយមន្រ្តីនគរបាល បើកបុកគេហើយមិនឈប់ទទួលខុសត្រូវនេះ បានកើតឡើងនាម៉ោង៨៖៥០នាទីយប់ លើហាវិថីព្រះនរោត្តម ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅម៉ោងខាងលើគេបានឃើញ មន្ត្រីនគរបាលខាងលើបើករថយន្តមួយគ្រឿងម៉ាក Highlander តាមមហាវិថីព្រះនរោត្តម លុះបើកមកដល់ម្តុំវិទ្យាល័យព្រះស៉ីសុវត្ថិ បានបុកម៉ូតូលក់បាយក្តាំង ដែលបើកដោយបុរសវ័យចំណាស់បន្តិច រងរបួសស្រាល និងបណ្តាលឲ្យរងការខូចខាត ម៉ូតូ ផងដែរ។
ភ្លាមៗនោះមន្ត្រីនគរបានរូបនោះ បន្ទាប់ពីបើកបុកហើយ មិនបានឈប់រថយន្តដោះស្រាយគ្នាទេ គឺព្យាយាមបើករថយន្តរត់រហូតមកដល់ ទឹកដីខណ្ឌចំការមន ក៏ត្រូវបានក្រុមអ្នកឃើញហេតុការណ៍ដេញចាប់បាន។
បន្ទាប់ពីចាប់បានមន្ត្រីនរគរបាល ដែលស្រវឹងបើរថយន្តបុកគេនោះ បានប្រើសំដីមិនសមរម្យ ទៅកាន់មន្ត្រីចរាចរណ៍ ដែលចុះមកដោះស្រាយទៀត ឃើញដូចនោះអ្នកឃើញហេតុការណ៍បានថា ឲ្យខ្លួនជាមន្ត្រីនគរបាល បើករថយន្តបុកគេមិនឈប់ទទួលខុសត្រូវហើយនៅ នៅឈ្លើយទៀត បន្ទាប់ពីឮពាក្យគេថា ឲ្យហើយទើបមន្ត្រីនគរបាលរូបនោះ ព្រមសងទៅបុរជាអ្នកលក់បាយក្តាំងចំនួន៨០ដុល្លារ ដើម្បីបញ្ចប់រឿងនិងកុំឲ្យគេស្តីទៀត ហើយក៏បើករថយន្តចេញទៅបាត់ទាំងខឹង។
ករណីទី២៖ បុរសវ័យចំណាស់ស្រវឹងម្នាក់ បានបើករថយន្ត កូរ៉ូឡាមួយគ្រឿង ទៅបុករថយន្តតាក់ស៉ីបណ្តាលឲ្យខូចខាតមួយចំហៀង និងជ្រុលទៅបុកខ្ទេចម៉ូតូមួយគ្រឿង បន្ទាប់មកក៏ជ្រុល ទៅបុកចូលផ្ទះរបស់គេទៀត តែសំណាងល្អមិនបណ្តាលឲ្យមានមនុស្សរងបួស។
ហេតុការណ៌នេះបានកើតឡើង នៅតាមផ្លូវ២០០៤ កែងផ្លូវសហព័ន្ធរុស្ស៉ី នាម៉ោង១២៖៣០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នាម៉ោងកើតហេតុ គេបានឃើញបុរសវ័យចំណាស់ម្នាក់ បើករថយន្តមួយគ្រឿងម៉ាក កូរ៉ូឡាពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2R-9705 ដែលបើកដោយបុរសស្រវឹង ក្នុងទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវ២០០៤ លុះបើកមកដល់ ចំណុចកើតហេតុ ត្រង់ជិតផ្លូវកែង សហព័ន្ធរុស្ស៉ី បុរសវ័យចំណាស់ស្រវឹងរូបនោះ បានបើកទៅបុក រថយន្តតាក់ស៉ីមួយគ្រឿង ដែលបើកពីមុខបណ្តាលឲ្យខូចខាត មួយចំហៀង និងបន្តជ្រុលទៅបុកម៉ីតូមួយគ្រឿងទៀត ដែលបើកមកពីមុខបណ្តាលឲ្យខ្ទេចទាំងស្រុងនិងមិនទាន់អស់ល្បឿនបានបន្តជ្រុលទៅបុកចូលផ្ទះរបស់គេទៀត តែសំណាងល្អ ក្នុងគ្រោះថ្នាក់ខាងលើនេះ មិនបណ្តាលឲ្យមានមនុស្សរងបួសឡើយ គ្រាន់តែខូចខាត សម្ភារជាច្រើនតែប៉ុណ្ណោះ។
ក្រោយកើតហេតុ ទាំងអ្នកបើកបររួមជាមួយវត្ថុតាងត្រូវបាន ខាងជំនាញចុះមកវាស់វែង និងយកទៅ រក្សាទុកនៅការិយាល័យនគរបាលចរាចរណ៌ផ្លូវគោក នៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ។
ករណីទី៣៖ លោកយាយចាស់ជាអ្នកលក់បន្លែម្នាក់ រងរបួសធ្ងន់ និងរថយន្ត២គ្រឿងខូចខាត រួមទាំងម៉ូតូកង់បីមួយគ្រឿងទៀត ក្នុងហេតុការណ៌គ្រោះថ្នាក់ចរាចរណ៌មួយ ដែលបង្កឡើងដោយបុរសវ័យកណ្តាលម្នាក់ ស្រវឹងស្រាបានបើករថយន្ត Land Cruiser ទៅបុករះ នាម៉ោង ១៖៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា នៅម៉ោងខាងលើ គេបានឃើញបុរសវ័យកណ្តាលម្នាក់ មានអាការស្រវឹង បានបើករថយន្តមួយគ្រឿងម៉ាក Land Cruiser ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2K-2943 បើកបរក្នុងទឹសដៅពី កើតទៅលិច តាមបណ្តោយមហាវិថី ម៉ៅសេទុង ក្នងល្បឿនយ៉ាងលឿន លុះបើមកដល់ចំណុចកើតហេតុត្រង់់ មុខបណ្ណាគារអន្តរជាតិ តាមផ្លូវម៉ៅសេទុងមុខបណ្ណាគារអន្តរជាតិ បុរសវ័យកណ្តាលដែលស្រវឹងរូបនោះបានបើក រថយន្តរ៉េទៅបុកម៉ូតូកង់បី ដែលដឹកបន្លែមួយគ្រឿង បណ្តាលឲ្យលោកយាម្នាក់រងរបួស ហើយ បានជ្រុលទៅបុករបាំងថ្មដាក់ចែកទ្រូងផ្លូវ បាក់២កង់ និងបន្តទៅបុករថយន្ត Lexus មួយគ្រឿងដែលចតចោល នៅមុខផ្ទះបណ្តលឲ្យខូចខាតធ្ងន់ ហើយរថយន្តបង្កមិនទាន់អស់ល្បឿន បានជ្រុលបង្គោលភ្លើង មួយដើមទៀត បណ្តាលឲ្យរថយន្តបង្កដាច់កង់មុខផ្នែកខាងឆ្វេង ទើបទៅមុខលែងរួច ហើយនៅក្នុងគ្រោះថ្នាក់ចរាចរណ៌ខាងលើនេះ បណ្តាលឲ្យលោកយាយចាស់ ដែលជាអ្នកលក់បន្លែជិះលើម៉ូតូកង់បីរងរបួសធ្ងន់ និង ខូចខាតអស់សម្ភារជាច្រើន។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែង និងនាំខ្លួន អ្នកបើកបររួមជាមួយវត្ថុតាង ទៅរក្សាទុកនៅការិយាល័យចរាចរណ៌ផ្លូវគោក នៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕