(កណ្តាល)៖ លោកស្រីកិត្តិសង្គហបណ្ឌិត​ ឃួន​ សុដារី​ អនុប្រធានទី២​ នៃរដ្ឋសភា​ សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា​ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល​ចុះមូលដ្ឋានស្រុកលេីកដែក​ នៅថ្ងៃទី​៩​ ខែកក្កដា​ ឆ្នាំ២០២៣នេះ បានន្តអញ្ជេីញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា​ នៅតាមឃុំទាំង៧​ នៃស្រុកលេីកដែក​ ខេត្តកណ្តាល​ និងបានដង្ហែក្បួនឃោសនាបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រ នីតិកាលទី៧​ នៃរដ្ឋសភា​ នៅតាមឃុំនីមួយៗ​។

នៅតាមដងផ្លូវ និងមុខផ្ទះនីមួយៗ យើងសង្កេតឃើញមាន ប្រជាពលរដ្ឋប្រុស ស្រី ចាស់ ក្មេង ជាច្រើនកុះករបានបញ្ចេញនូវស្នាមញញឹម ក៏ដូចជាបន្លឺសំឡេងបង្ហាញនូវការស្រឡាញ់ ជឿទុកចិត្ត និងការបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ជាមួយនឹងក្បួនដង្ហែពោលពេញដោយទឹកមុខសប្បាយរីករាយនោះ គឺមានសំឡេងស្រែងពន្លឺឡើយថា «ជយោ​! គណបក្សប្រជាជនកម្ពុជា​ លេខរៀងទី១៨​ ព្រមជាមួយសំឡេងសូមអរគុណសន្តិភាព សូមអរគុណនយោបាយឈ្នះឈ្នះ សូមដឹងគុណស្ថាបនិកសន្តិភាព និងប្រតិបត្តិករនយោបាយឈ្នះឈ្នះដែលនាំមកនូវសន្តិភាព ឯកភាពពេញលេញ។

លោកស្រីកិត្តិសង្គហបណ្ឌិត​ ឃួន​ សុដារី​ បានអំពាវនាវឱ្យប្រជាពលរដ្ទទាំងអស់សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ពិសេស គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» មានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងសូមគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោតស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង គឺដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍ និងអនាគតកូនចៅជំនាន់ក្រោយ។

នៅក្នុងពិធីដង្ហែក្បួនឃោសនារកសំឡេងឆ្នោតជាលើកទី២នោះ ត្រូវបានប្រជាជននៅតាមមូលដ្ឋានភូមិ និងនៅតាមដងផ្លូវ បានធ្វើការអបអរសាទរស្វាគមន៍ និងសូមជូនពរសូមឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះជាថ្មីទៀត ដើម្បីជូនសម្ដេចតេជោ ហ៊ុន សែន បន្តជានាយករដ្ឋមន្ត្រី ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។