(តាកែវ)៖ លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកគណបក្ស និងក្រុមការងារគណបក្សការិយាល័យបោះឆ្នោតឃុំដូងខ្ពស់ និងឃោសនារកសឡេងឆ្នោតនៅក្នុងភូមិត្រពាំងទន្លេ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ។

កម្មវិធីវិធីនេះមានការអញ្ជើញចូលរួមពីលោកបណ្ឌិត ស៊ូ ភិរិន្ទ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបូរីជលសារ និងលោកលោក លី ស៊ុគ្រី តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបូរីជលសារ លោកបណ្ឌិត ប៉ៃ សំបូរ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក លោក យស ណាស៊ី ប្រធានគណៈប្រចាំការគណៈកម្មាធិការគណបក្សខេត្តតាកែវ ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគ្រប់ឃុំ លោក សោម សុមេត ប្រធានគណៈកម្មាធិការគណបក្សស្រុក លោក ស៊ូ ភិរម្យ អភិបាលស្រុក និងជាអនុប្រធានគណបក្សស្រុក សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក អភិបាលរងស្រុក ប្រធាន គណបក្សឃុំគ្រប់ឃុំ ក្រុមប្រឹក្សាឃុំដូងខ្ពស់ ក្រុមការងារគណបក្សការិយាល័យបោះឆ្នោត ទាំង ១៣ការិយាល័យ ក្នុងឃុំដូងខ្ពស់ និងសមាជិកគណបក្ស ភូមិត្រពាំងទន្លេ សរុបប្រមាណ ៣៣១នាក់ ស្រី ១៨៧នាក់ រថយន្ត ៥៤គ្រឿង ម៉ូតូ ១៣៥គ្រឿង។

លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានអំពាវនាវឱ្យប្រជាពលរដ្ទទាំងអស់សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ពិសេស គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» មានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងសូមគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោតស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសំឡេងង គឺដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍ និងអនាគតកូនចៅជំនាន់ក្រោយ។

ជាមួយនឹងសំឡេងជ័យឃោសដ៏ក្លៀវក្លា ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បានប្រកាសប្ដេជ្ញាគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត ដើម្បីបន្តដឹកនាំនាវាកម្ពុជាក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

តាមទិដ្ឋភាពជាក់ស្ដែងនៅក្នុងពិធីដង្ហែក្បួនឃោសនារកសំឡេងឆ្នោតជាលើកទី២នោះ មានប្រជាជននៅតាមដងផ្លូវបង្ហាញការអបអរសាទរស្វាគមន៍ និងជូនពរសូមឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះជាថ្មីនៅអាណត្តិទី៧ខាងមុខ​ ជាបន្តទៀត។

គួរជម្រាបថា យុទ្ធនាការឃោសបោះឆ្នោតនេះបានឈានដល់ថ្ងៃទី៩ហើយ ខណៈដែល គ.ជ.ប បានកំណត់អនុញ្ញាតឱ្យយុទ្ធនាការប្រព្រឹត្តទៅចាប់ពីថ្ងៃទី១-២១ ខែកក្កដា ឆ្នាំ២០២៣។

នៅសល់តែ១៤ថ្ងៃទៀតបុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងឈានមកដល់ហើយ ពោលគឺនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕