(ក្រចេះ)៖ លោក វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ រួមនឹងក្រុមការងារចុះមូលដ្ឋានស្រុកព្រែកប្រសព្វ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តជួបសំណេះសំណាលសមាជិក សមាជិកាគណបក្សឃុំជ្រោយបន្ទាយ ប្រមាណ ៨០០នាក់ និងបង្រៀនពីការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនគណបក្សប្រជាជនកម្ពុជា ដែលមានលំដាប់លេខរៀងទី១៨ នៅចុងសន្លឹកឆ្នោត។

លោក វ៉ា ថន បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតប ទៅជនខិលខូចមួយចំនួន ដែលបន្លំខ្លួនធ្វើជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ណែនាំឱ្យប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតខុស និងមិនបានការ។ នៅពេលថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាឱ្យសមត្ថកិច្ច និងក្រសួងពាក់ព័ន្ធស្រាវជ្រាវឃាត់ខ្លួនឱ្យបាននូវជនទុច្ចរិតក្លែងបន្លំជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានទៅណែនាំអ្នកបោះឆ្នោតឱ្យគូសសន្លឹកឆ្នោតខុស ក្លាយទៅជាសន្លឹកឆ្នោតមិនបានការ ហើយសម្ដេចតេជោ បានចាត់ទុកថាទង្វើបែបនេះ ទាមទារឱ្យគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវតែបង្រៀនប្រជាពលរដ្ឋ ឬសមាជិកសមាជិការបស់ខ្លួនឱ្យចេះគូសសន្លឹកឆ្នោត ដើម្បីជាសន្លឹកឆ្នោតបានការ។

លោកបញ្ជាក់ទៀតថា ការខិតខំរបស់គណបក្សប្រជាជនកម្ពុជា ចាប់ពីការរំដោះប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា ១៩៧៩ ការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិតាមរយៈការដាក់ចេញនយោបាយឈ្នះឈ្នះ ការស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព-ស្ថិរភាព ការខិតខំអភិវឌ្ឍប្រទេសជាតិ ធ្វើប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ន «ទាំងអស់នេះគឺជាសច្ចធម៌ នៃប្រវត្តិសាស្ត្រ» ដែលមិនអាចកាត់ផ្ដាច់បានពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន។

ជាមួយគ្នានេះដែរ លោកចង់ឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវមានមនសិកា មានគោលជំហរច្បាស់លាស់ មុននឹងសម្រេចចិត្តបោះឆ្នោត ទោះបីអ្នកណានិយាយអ្វីក៏ដោយ ក៏មិនអាចកែប្រែគោលជំហររបស់ខ្លួនបានឡើយ។ ប្រជាពលរដ្ឋត្រូវចេះវាយតម្លៃថា គណបក្សដឹកនាំដែលល្អ គឺជាគណបក្សដែលមានមាគ៌ាដឹកនាំត្រឹមត្រូវ គឺជាគណបក្សដែលបានដឹកនាំប្រទេសឱ្យមានសុខសន្តិភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធគ្រប់ទីកន្លែង ធ្វើឱ្យប្រជាជនមានជីវភាពការរស់នៅសុខស្រួល ដែលនោះគឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបាននឹងកំពុងដឹកនាំគោលនយោបាយទាំងនេះ។

លោកបានបន្ថែមទៀតថា ការបោះឆ្នោតនៅប្រទេសកម្ពុជា គឺជាការអនុវត្តប្រជាធិបតេយ្យពិតប្រាកដ គ្មានការបង្ខិតបង្ខំ គំរាមកំហែង ប្រជាពលរដ្ឋបោះឆ្នោតដោយសេរីតាមការសម្រេចចិត្តរបស់ខ្លួន តាមឆន្ទៈ និងការគាំទ្ររបស់ខ្លួនទៅលើគណបក្សណាមួយ។

ក្នុងនោះលោក វ៉ា ថន ក៏បានអំពាវនាវដល់សមាជិក សមាជិកាគណបក្ស ក៏ដូចជាប្រជាពលរដ្ឋ សូមទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ជាពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» នៅលេខរៀងទី១៨៕