(កំពង់ចាម)៖ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះពិនិត្យស្ថានភាព នៃការលក់ដូរ និងសំណេះសំណាល ជាមួយអាជីវករ នៅផ្សារធំ និងផ្សារបឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងណែនាំឲ្យក្រុមអាជីវករទាំងអស់ អញ្ជើញនាំគ្នាទៅបោះឆ្នោត និងគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០៣ ខាងមុខនេះ ។

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានយកឱកាសនោះ សម្តែងនូវការគោរពដឹងគុណ និងសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះបងប្អូនអាជីវករទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ដែលតែងតែផ្តល់យុត្តិធម៌ និងការគាំទ្រយ៉ាងរឹងមាំគ្រប់ដំណាក់កាលបោះឆ្នោត ចំពោះការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។

ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមការពារសុខសន្តិភាព ដេីម្បីបន្តការអភិវឌ្ឍរីកចម្រើនទៅមុខទៀត ជាពិសេសសូមនាំគ្នាទៅបោះឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងឈានមកដល់នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីជូនសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី ដឹកនាំរាជរដ្ឋាភិបាលទាំងអាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត៕