(កំពង់ឆ្នាំង)៖ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល អាជ្ញាធរមូលដ្ឋាន និងសិស្សានុសិស្សដែលសិក្សានៅសាលាបឋមសិក្សាពាមខ្នង ក្នុងភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង បានសូមថ្លែងអំណរគុណ លោក គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលបានបរិច្ចាគថវិកាផ្ទាល់ចំនួនចំនួន៣លានរៀល ឧបត្ថម្ភសម្រាប់ការដោះស្រាយថ្លៃជាងរៀបចំអគារបឋមសិក្សាមួយខ្នងដែលមាន២បន្ទប់ ស្ថិតនៅក្នុងសាលាបឋមសិក្សាពាមខ្នង តបតាមការអំពាវនាវ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង បានចាត់ឲ្យនាំយកថវិកាចំនួន៧៥០ដុល្លារ របស់ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ទៅប្រគល់ជូនដល់លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរភូមិពាមខ្នង ឃុំផ្លូវទូក សម្រាប់ឱ្យថ្លៃឈ្នួលជាងរំកិលអគារសិក្សា១ខ្នង ដើម្បីតម្កល់ឱ្យខ្ពស់ផុតពីទឹកបង្កការងាយស្រួលដល់សិស្សានុសិស្សសាលាបឋមសិក្សាមករៀននៅក្នុងរដូវវស្សាឆ្នាំនេះក៏ដូចជាឆ្នាំបន្តបន្ទាប់ទៀតផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីការផ្សព្វផ្សាយរបស់បណ្ដាញព័ត៌មាន Fresh News តាមការអំពាវនាវរបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋានដើម្បីរកជំនួយជាថវិកាចំនួន២លាន ៥០ម៉ឺនរៀលរួចមក លោក គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង បន្ទាប់ពីលោកបានទទួលព័ត៌មាននេះ លោកក៏បានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនរបស់លោកចំនួន ៧៥០ដុល្លារ ជួយដល់សិស្សានុសិស្សលោកគ្រូអ្នកគ្រូ និងអាជ្ញាធរមូលដ្ឋាន តបតាមការខ្វះខាតរបស់ពួកគាត់ភ្លាមៗផងដែរ៕