(បន្ទាយមានជ័យ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យបញ្ឈប់សកម្មភាពបោះត្រាយកលុយពីប្រជាពលរដ្ឋខ្មែរ ដែលចេញ-ចូលលើបណ្ណព្រំដែនកម្ពុជា-ថៃ។
ភា្លមៗនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានចុះទៅពិនិត្យដោយផ្ទាល់នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
លោក ង៉ោ ម៉េងជ្រួន បានថ្លែងថា ក្រោមការណែនាំពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងដើម្បីអនុវត្តតាមបទបញ្ជាសម្តេចក្រឡាហោម ស ខេង និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ លោកបានចុះពិនិត្យការសម្របសម្រួលការងារដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករដែលលក់ដូរផ្សាររ៉ូងក្លឿ ប្រទេសថៃ ដែលចេញ-ចូលព្រឹកវិលល្ងាច។
លោកបានបញ្ជាក់ថា៖ «សម្តេចក្រឡាហោម ស ខេង បានដាក់បទបញ្ជាឱ្យបញ្ឈប់សកម្មការបោះត្រាលើបណ្ណព្រំដែនកម្ពុជា-ថៃ ចេញ-ចូល យកលុយដែលជាសេវាក្រៅត្រូវបញ្ឈប់ចាប់ពីពេលនេះតទៅដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋចេញ ចូលទៅមកនិងអាជីវករលក់ដូរផ្សាររ៉ុងក្លឿ ប្រទេសថៃ ទៅមកបានដោយងាយ និងមិនចាំបាច់អស់ថវិកាធ្វើឱ្យប៉ះពាល់ដល់ចំណូលប្រជាពលរដ្ឋ»។
លោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ថា ក្រោយពីការចុះពិនិត្យ និងសាកសួរព័ត៌មានពីអាជីវករក្រោយបទបញ្ជាសម្តេចក្រឡាហោម ស ខេង គឺគ្មានទេការបោះត្រាលើបណ្ណព្រំដែនកម្ពុជា-ថៃ ដែលចេញ-ចូល ជាប្រចាំ ចាប់ពីពេលនេះតទៅគ្មានទេការទាមទារសេវា ក្រៅផ្លូវការក្រោមកតុ ឬលើតុត្រូវបានបញ្ឈប់សកម្មភាពចាប់ពីពេលនេះតទៅ។
ប្រជាពលរដ្ឋបានថ្លែងអំណគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានបញ្ឈប់ឱ្យបោះត្រាលើបណ្ណព្រំដែនកម្ពុជា-ថៃ យកលុយសេវាក្រៅចាប់ពីពេលនេះតទៅ ហើយរយៈពេលកន្លងមកប្រជាពលរដ្ឋជាអាជីវករលក់ដូរផ្សាររ៉ូងក្លឿ ប្រទេសថៃ ដែលចេញ-ចូលរាល់ថ្ងៃត្រូវបានបង់លុយលើសេវាំបោះត្រាលើប័ណ្ណព្រំដែនកម្ពុជា-ថៃ ដោយមួយលើកអស់៥០បាត បើប្រាក់រៀល ៧,០០០រៀល ជាពិសេសកម្មករអូសរទេះចេញ-ចូល ១ថ្ងៃ ៤ទៅ៥ជើង អស់២០០ ទៅ២៥០បាត ដែលធ្វើឱ្យប៉ះពាល់ចំណូល និងជីវភាពគ្រួសារ៕