(ភ្នំពេញ)៖ លោកណ្ឌិត ហ៊ុន ម៉ាណែត តាមបណ្តាញសង្គម Telegram នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានលើកឡើងថា មានតែយើងខ្លួនឯងតែម្នាក់គត់ដែលជាកត្តាកំណត់នៃជោគជ័យរបស់យើង។ ដើរដល់គោលដៅ ឬមិនដល់គោលដៅ គឺជាកាតព្វកិច្ចនិងការទទួលខុសត្រូវរបស់យើងខ្លួនឯង មិនមែនអាស្រ័យធំទៅលើកត្តាបរិស្ថានជុំវិញ ដូចជាទីលាន និងឧបសគ្គ ឬកត្តាមនុស្សផ្សេងដូចជាក្រុមគ្រូនោះទេ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា «មានមិត្តមួយចំនួនបានប្រាប់ខ្ញុំថា កាន់តែជិតដល់បោះឆ្នោត មានមនុស្សមួយក្រុមបានព្យាយាមកាន់តែសកម្មក្នុងការបង្កើត និងប្រឌិតរឿងប្លែកៗ ដើម្បីធ្វើការវាយប្រហារលើរូបខ្ញុំ ក្នុងគោលបំណងបង្អាក់ដំណើររបស់ខ្ញុំមិនឱ្យទៅមុខ រហូតដល់មានអ្នកខ្លះរៀបចំជាផែនការទប់ស្កាត់ជាចំហរ»។
តាមរយៈបណ្តាញសង្គម Telegram ដដែល លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា បញ្ហានេះនាំឱ្យលោកនឹកឃើញដល់ការហ្វឹកហ្វឺនមួយកាលពីខ្ញុំនៅជាសក្ខាកាមនិស្សិតនាយទាហាននៅសហរដ្ឋអាមេរិក គឺការហ្វឹកហ្វឺនឆ្លងកាត់ឧបសគ្គ ដែលតម្រូវឱ្យសិក្ខាកាមម្នាក់ៗដើរទៅរកគោលដៅមួយ ដោយដើរលើបង្គោលដែកដែលមានរយៈកម្ពស់ខ្ពស់មធ្យមពីលើផ្ទៃទឹក (ដូចក្នុងរូបថតភ្ចាប់ជាមួយ) ។
ជាមួយគ្នានេះ បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនកម្ពុជារូបនេះ បានបញ្ជាក់ថា សម្រាប់ឧបសគ្គនេះ បញ្ហាប្រឈមមាន២គឺ៖ កត្តាទីលាន និងឧបសគ្គ និងកត្តាមនុស្ស។
-កត្តាទីលាន និងឧបសគ្គ៖ ១) បញ្ហាកម្ពស់៖ ដោយឧបសគ្គនោះមានកំពស់ខ្ពស់មធ្យម ដែលអាចឱ្យសិក្ខាកាមខ្លះដែលខ្លាចទីខ្ពស់មានអារម្មណ៍ភិតភ័យមិនហ៊ានដើរឆ្លងកាត់ និង២៖ បញ្ហាលំនឹង បង្គោលដែកដែលធ្វើជាស្ពានសម្រាប់សិក្ខាកាមដើរឆ្លងនោះមិនមានលំនឹងល្អទេ។ ពេលដែលសិក្ខាកាមដើរឆ្លងកាត់លើវាគឺវាចាប់ផ្តើមញ័រ ហើយបើការដើរនោះមានការយឺតយ៉ាវ (មិនលះ) ឬសិក្ខាកាមមានអារម្មណ៍ភ័យញ័រខ្លួននោះ នឹងធ្វើឱ្យបង្គោលដែកនោះញ័រតែខ្លាំងដែលបង្កជាឧបសគ្គកាន់តែខ្លាំងសម្រាប់ការដើរទៅមុខទៀត។
-កត្តាមនុស្ស៖ បន្ថែមពីលើកត្តាទីលានឧបសគ្គ ក៏មានបញ្ហាដែលបង្កើតដោយមនុស្សទៀត ពោលគឺក្រុមគ្រូ អាចស្រែកដាក់ទៅសិក្ខាកាមក្នុងគោលបំណងឱ្យសិក្ខាដែលកំពុងដើរលើបង្គោលបែកអារម្មណ៍ ឬក៏អាចពេលខ្លះលោតតន្រ្តំធ្វើយ៉ាងណាឱ្យបង្គោលដែកដែលសិក្ខាកាមត្រូវដើរឆ្លងកាន់ញ័រខ្លាំង ដែលក្លាយជាឧបសគ្គកាន់តែខ្លាំងសម្រាប់សិក្ខាកាមឆ្លងកាត់
*ដើម្បីជោគជ័យ សិក្ខាកាមត្រូវ៖
១៖ ផ្តោតអារម្មណ៍ទៅលើគោលដៅដែលយើងត្រូវទៅ និងប្រមូលផ្តុំអារម្មណ៍ឱ្យមូលហើយដើរទៅមុខឆ្ពោះទៅរកគោលដៅនោះ ប្រកបដោយភាពជឿជាក់លើខ្លួនយើង និងកុំឱ្យមានភាពស្ទាក់ស្ទើរ ឬភ័យខ្លាចណាមួយ ទោះជាបង្គោលដែកនោះមានកម្ពស់ខ្ពស់ និងមិនមានលំនឹងល្អក៏ដោយ ពោលគឺត្រូវដាក់ការសម្រេចគោលដៅជាធំ ជាជាងផ្តោតអារម្មណ៍ទៅលើបញ្ហាប្រឈមនានាដែលអាចបង្កជាឧបសគ្គក្នុងការដើរទៅមុខរបស់យើង។
២៖ កុំខ្វល់ពីក្រុមគ្រូ (ក្រុមមនុស្ស) ដែលខិតខំប្រឹងព្យាយាមបំបែកអារម្មណ៍យើងតាមរយៈការប្រើពាក្យសម្តីស្រែកដាក់យើង ឬខំប្រឹងលោតតន្រ្តំឱ្យបង្គោលដែកកាន់តែញ័រក្នុងគោលបំណងបង្កើតជាឧបសគ្គមិនឱ្យយើងដើរដល់គោលដៅរបស់យើងដោយជោគជ័យ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «សរុបសេចក្តីមកអ្វីៗគឺស្ថិតនៅលើខ្លួនយើង... យើងខ្លួនឯងតែម្នាក់គត់ដែលជាកត្តាកំណត់នៃជោគជ័យរបស់យើង។ ដើរដល់គោលដៅ ឬមិនដល់គោលដៅ គឺជាកាតព្វកិច្ចនិងការទទួលខុសត្រូវរបស់យើងខ្លួនឯង មិនមែនអាស្រ័យធំទៅលើកត្តាបរិស្ថានជុំវិញ ដូចជាទីលាននិងឧបសគ្គ ឬកត្តាមនុស្សផ្សេងដូចជាក្រុមគ្រូនោះទេ។
ជាពិសេសកុំចាំបាច់ផ្តោតអារម្មណ៍ ឬឱ្យតម្លៃទៅលើអ្នកដែលព្យាយាមរារាំងមិនឱ្យយើងដើរដល់គោលដៅរបស់យើងធ្វើអ្វី ព្រោះពេលយើងដើរដល់គោលដៅរបស់យើងដោយជោគជ័យ អ្នកទាំងនោះនឹងបរាជ័យដោយស្វ័យប្រវត្តិ»៕